ចិនអំពាវនាវឱ្យមានកិច្ចប្រជុំមួយ ក្រោយកូរ៉េខាងជើង និងសហរដ្ឋអាមេ៉រិកបរាជ័យ ក្នុងការរៀបចំកិច្ចចរចានុយក្លេអ៊ែរឡើងវិញ
ចិន៖ ជាថ្មីម្តងទៀតប្រទេស ចិន បានធ្វើការអំពាវនាវយ៉ាងទទូចឱ្យបង្កើតកិច្ចប្រជុំ និងការប្រឹក្សានយោបាយ ដោយបញ្ជាក់ថា វាគឺជាមធ្យោបាយតែម្យ៉ាងគត់ ដើម្បីបោះជំហានឈានឆ្ពោះទៅដោះស្រាយបញ្ហានុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីកិច្ចចរចានុយក្លេអ៊ែររវាងកូរ៉េខាងជើង និងសហរដ្ឋអាមេ៉រិកត្រូវបរាជ័យនៅក្នុងប្រទេសស៊ុយអែត កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ។

ការកត់សម្គាល់បែបនេះរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គេង ស័ង ត្រូវបានធ្វើឡើងនៅក្នុងសន្និសិទសារព័ត៌មានមួយនៅក្នុងថ្ងៃ អង្គារ សប្តាហ៍នេះ ។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ ប្រទេសរបស់លោកសង្ឃឹមថា សហរដ្ឋអាមេ៉រិក និងកូរ៉េខាងជើងនឹងផ្តោតសំខាន់លើការប្រាស្រ័យទាក់ទងគ្នា ហើយនៅតែរក្សាការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់កិច្ចដំណើរការចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ ហើយលោក ហ្គេង ថែមទំាងអំពាវនាវផងដែរ ឲ្យភាគីទំាងពីររៀបចំជំនួបឡើងវិញនាពេលឆាប់ៗខាងមុខនេះ ៕ធ.ដ

