សម្តេចតេជោ ហ៊ុន សែន ៖ ការចូលរួមពីពលរដ្ឋ និងសប្បុរសជន ជាចលនាផ្តាច់ព្រ័ត្រនៃការដោះមីនខណៈមកដល់ពេលនេះ កម្ពុជាទទួលបានថវិកាជិត ១៥លានដុល្លារ

ភ្នំពេញ ៖ ក្នុងឱកាសពិធីសំណេះ សំណាលជាមួយ ប្រតិភូ កីឡា អាស៊ានប៉ារ៉ាហ្គេម មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការចូលរួមពីប្រជាពលរដ្ឋ និងសប្បុរសជន ជាចលនាផ្តាច់ព្រ័ត្រ នៃការដោះមីន នៅឆ្នាំ២០២៥។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការធ្វើបានដូច្នេះ ទាក់ទាញណាស់ ជាពិសេសទាក់ទាញទេសចរណ៍ធម្មជាតិ និងសហគមន៍ ពេលយើងដោះទៅ គាត់អាចដើរលេងមើលសត្វ តាមសហគមន៍ ដែលជាផលចំណេញមួយ ហើយផលចំណេញជាងគេ គឺសុវត្ថិភាព និងមិនពិការ ដោយសារគ្រាន់មីន និងលែងមានការភ័យខ្លាចតទៅទៀត យើងមិនចង់ឱ្យមានអ្នកស្លាប់ ឬជនពិការតទៅទៀតដែរ។

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានលើកឡើងដែរថា គិតមកដល់ពេលនេះ កម្ពុជា ទទួលបានថវិកាជិត ១៥លានដុល្លារ សម្រាប់ជំនួយដោះមីនដែលទទួលបានពីសប្បុរសជន ពេលនេះកម្ពុជាកំពុងបន្តទទួលតាមជំនួយពីអ្នកចង់ចូលរួមតាមបណ្តាញសង្គមហ្វេសបុក ទៅតាមសមត្ថភាព ចាប់ពី ២ម៉ឺនរៀល ឡើងទៅជាដើម។

សម្តេចបន្ថែមថា ខ្ញុំទទួលស្គាល់ថានេះជាការធ្វេស ប្រហែសមួយរបស់ខ្ញុំទាក់ទងនឹងការដោះមីន ដោយសារខ្ញុំពឹងផ្អែកជ្រុលហួសទៅដៃគូសហការ មានដូចជា ជប៉ុន ចិន អូស្រ្តាលី និងអាមេរិក បានជួយច្រើនណាស់ តែសល់តិចតួចដែលខ្ញុំសម្រេចរុញវាឱ្យទៅមុខ បានជិត ១៥លានដុល្លារទៅហើយ ដែលយើងទទួលបាន តែមានចំនួនមួយខ្ញុំគិតថា ពេលនេះទាល់តែ ហ៊ុន សែន និយាយបានដឹងបានធ្វើ ជាពិសេស សេង ទៀង តែម្តង មិនព្រមធ្វើដែលជាអ្នកកាន់លុយ គេស្នើសុំតាមហ្វេសបុក ដែលគេជួយតាមសម្ថភាព គេមិនព្រមធ្វើចឹងខ្ញុំធ្វើទៅ ធ្វើទៅព្រោះពលរដ្ឋខ្លះគាត់មិនដឹងថា ចង់ចូលរួមតាមណា ។

សូមរំលឹកថា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងទិវាមច្ឆជាតិ១កក្កដា នៅទីតាំងអាងទឹកត្រពាំងថ្ម ភូមិ ត្រពាំងថ្ម ឃុំ ប៉ោយចារ ស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ធ្វើការដោះមីនឱ្យអស់ពីដីនៅឃុំប៉ោយចា និងតំបន់អាងត្រពាំងថ្ម ឱ្យទៅជាតំបន់គ្មានគ្រាប់មីននៅចុងឆ្នាំនេះ ត្រូវធ្វើឱ្យបានទោះក្នុងតម្លៃណាក៏ដោយ។ សម្តេច ក៏បានសុំឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ចូលទៅក្នុងកញ្ចប់ថវិកាដោះមីននៅឆ្នាំ២០២៣ ផងដែរ ។

សម្តេចតេជោ បានបញ្ជាក់ថា ផ្ទៃដីនៅឃុំប៉ោយចារ ២៤០០ម៉ែត្រការ៉េ ដែលមិនទាន់ដោះគ្រាប់មីន សូមឱ្យមានការដោះមីន លើផ្ទៃដីនៅសេសសល់ ធ្វើការភ្លាមជាមួយអាជ្ញាធរមីន ត្រូវបញ្ជូនកម្លាំងចុះដោះឱ្យអស់ ហើយសម្ដេចប្រកាសថា ឃុំប៉ោយចារ ត្រូវតែជាឃុំគ្មានគ្រាប់មីនទៀតទេ ទោះតម្លៃណាក៏ដោយ ដោះឱ្យអស់យ៉ាងយូរនៅចុងឆ្នាំនេះ ។ សម្ដេចប្រកាសថា ទីនេះគឺគ្មានគ្រាប់មីន ដែលទីនេះជាអតីតសង្គ្រាម។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានសុំឱ្យរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ត្រូវដាក់ចូលទៅក្នុងកញ្ចប់ថវិកាដោះមីននៅឆ្នាំ២០២៣ ដើម្បីដោះមីនឱ្យអស់ និងស្នើសុំដល់វិស័យឯកជនចូលរួម ធ្វើយ៉ាងណាឱ្យកម្ពុជា លែងមានគ្រាប់មីន៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner