ប្រធានាធិបតីតួកគី សន្យាជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យថាមពល និងការពារជាតិជាមួយអ៊ីតាលី

អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ បានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសអ៊ីតាលី ជាពិសេសក្នុងវិស័យថាមពល និងការពារជាតិ។

លោក អឺដូហ្គាន់ បានធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីលោកបានបើកកិច្ចប្រជុំអន្តររដ្ឋាភិបាលលើកទីបីជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលីលោក ម៉ារីអូ ដ្រាហ្គី នៅទីក្រុងអង់ការ៉ា ជាទីដែលប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីចំនួន ៩ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី។

លោក អឺដូហ្គាន់ បាននិយាយក្នុងសន្និសិទសារព័ត៌មានរួមគ្នាជាមួយលោក ដ្រាហ្គី ថា ទំនាក់ទំនងយោធា, វិស័យការពារជាតិ និងកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិរបស់យើងជាមួយអ៊ីតាលីគឺមានសារៈសំខាន់ជាពិសេស។ យើងយល់ស្របថា វាមានផលប្រយោជន៍ទៅវិញទៅមករបស់យើង ក្នុងការធ្វើឱ្យទំនាក់ទំនងរបស់យើងកាន់តែស៊ីជម្រៅនៅក្នុងតំបន់។

នាឱកាសនោះដែរ លោក ដ្រាហ្គី បាននិយាយថា អ៊ីតាលីចង់ធ្វើការជាមួយតួកគីទៅលើវិបត្តិរុស្ស៊ី-អ៊ុយក្រែន ហើយថា លោកបានស្វាគមន៍ចំពោះតួនាទីសម្របសម្រួលរបស់តួកគីរវាងអ៊ុយក្រែន និងរុស្ស៊ី ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការបើកច្រករបៀងនៅក្នុងសមុទ្រខ្មៅសម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន។

នាយករដ្ឋមន្រ្តីអ៊ីតាលីរូបនេះបានបញ្ជាក់ដូច្នេះថា បញ្ហាទាំងនេះគឺជាដែនកំណត់ដែលនឹងបង្កឱ្យមានគ្រោះមហន្តរាយធ្ងន់ធ្ងរនៅក្នុងប្រទេសក្រីក្របំផុតរបស់ពិភពលោក។ តួកគីមានតួនាទីកណ្តាលនៅទីនេះ។ វាគឺជាបំណងរបស់ខ្ញុំដែលចង់ឱ្យរុស្ស៊ីអនុញ្ញាតឱ្យមានគំនិតផ្តួចផ្តើមនេះ និងធ្វើឱ្យមានការបើកចំហសម្រាប់ការចរចាសន្តិភាពនៅពេលបន្ទាប់៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner