ប្រមុខការទូតអាមេរិក-ចិននឹងជួបមុខគ្នាផ្ទាល់ក្នុងកំលុងកិច្ចប្រជុំ G20 នាសប្តាហ៍នេះ
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន នឹងជួបជាមួយសមភាគីចិនលោក វ៉ាង យី ក្នុងសប្តាហ៍នេះ នៅខាងក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមការរបស់ក្រសួងការបរទេសអាមេរិក។
នៅក្នុងជំនួបជាមួយលោក វ៉ាង ដែលរំពឹងទុកនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ នឹងក្លាយជាទំនាក់ទំនងកម្រិតខ្ពស់ចុងក្រោយបំផុតរវាងមន្ត្រីអាមេរិក-ចិន ខណៈដែលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិងកំពុងថ្លឹងថ្លែងការដកពន្ធលើទំនិញចិនមួយចំនួន ដើម្បីទប់ស្កាត់អតិផរណា។
បើតាមក្រសួងការបរទេសអាមេរិក លោក ប្លីងគែន នឹងធ្វើដំណើរជាលើកដំបូងទៅកាន់កោះបាលី ដើម្បីចូលរួមកិច្ចប្រជុំ G20 ជាទីដែលលោកនឹងពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើការជាមួយដៃគូអន្តរជាតិ ដើម្បីប្រឈមមុខនឹងបញ្ហាប្រឈមជាសកល រួមមានអសន្តិសុខស្បៀងអាហារ និងថាមពល ក៏ដូចជាការគំរាមកំហែងនៃសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់អន្តរជាតិ។
ការប្រកាសខាងលើនេះ ធ្វើឡើងស្របពេលដែលប្រមុខការទូតមកពីប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំង២០ (G20) នឹងជួបប្រជុំគ្នានៅកោះបាលីរបស់ឥណ្ឌូនេស៊ី នៅថ្ងៃសុក្រសប្តាហ៍នេះ មុនកិច្ចប្រជុំកំពូលរបស់មេដឹកនាំ G20 នៅខែវិច្ឆិកា ក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ៕ ប្រភព៖ Aljazeera ប្រែសម្រួល៖ ទីណា និងបុត្រា



