អភិបាលខេត្តស្ទឹងត្រែង ជំរុញអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងនៅគ្រប់មូលដ្ឋាន ត្រូវរួមគ្នាទប់ស្កាត់ការ ចូលរុករានទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់ ពីក្រុមជនខិលខូច ត្រូវតែចាត់វិធានការច្បាប់ មិនត្រូវលើកលែងឲ្យជាដាច់ខាត

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តស្ទឹងត្រែង៖ អភិបាលខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន មានប្រសាសន៍បែបនេះ នៅក្នុងពេលដែលលោក បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំមួយ ស្តីពី ការស្នើរសុំសិទ្ធិពេញលេញក្នុងការកាន់កាប់ដី ពីសំណាក់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង និងពិនិត្យពិភាក្សាទៅលើនីតិវិធី ក្នុងការឆ្វៀលដីរបស់រដ្ឋជូនប្រជាពលរដ្ឋ ដែលមានភាព ខ្វះខាតពិតប្រាកដ ។ កិច្ចប្រជុំនោះ បានធ្វើកាលពីថ្ងៃទី២១ កក្កដា ឆ្នាំ២០២០ នៅសាលាខេត្តស្ទឹងត្រែង។

លោក ម៉ុម សារឿន បានមានប្រសាសន៍ថា កិច្ចប្រជុំរបស់គណៈកម្មាការគ្រប់គ្រង ដីរបស់រដ្ឋ ថ្នាក់ខេត្ត បានធ្វើឡើងស្របតាមការស្នើសុំរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលបានស្នើសុំឆ្វៀលកាន់កាប់ដី រដ្ឋ ចេញពីតំបន់ការពារធនធានធម្មជាតិ គម្របព្រៃឈើ ដីអភិរក្សគ្រប់គ្រងដោយបរិស្ថាន ដីសម្បទាន សង្គមកិច្ច និងដីផ្សេងៗទៀត ដែលគ្រប់គ្រងដោយរដ្ឋ និងពុំទាន់បានកាត់ចេញជូនប្រជាជន។

លោកអភិបាលខេត្ត មានប្រសាសន៍ទៀតថា គណៈកម្មការគ្រប់គ្រងដីរដ្ឋ នឹងពិនិត្យការធ្វើប្រទានកម្ម ដី ជូនប្រជាពលរដ្ឋ ចំពោះប្រជាពលរដ្ឋ និងមន្ត្រីរាជការណា ដែលបានគ្រប់គ្រងដីរដ្ឋយ៉ាងតិច ១០ឆ្នាំ ឡើងទៅ ដោយមានការបញ្ជាក់ ពីអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឲ្យពួកគាត់មានសិទ្ធិកាន់កាប់ដីទាំងនោះ ដោយស្របច្បាប់។ លោកបានបន្តថា ការធ្វើប្រទានកម្មដីរដ្ឋ ជូនប្រជាពលរដ្ឋ គឺជាគោលនយោបាយរបស់ រាជរដ្ឋាភិបាល ដើម្បីរួមចំណែកដោះស្រាយ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងគ្រប់គ្រងបាននូវផ្ទៃដីរបស់រដ្ឋ ព្រមទាំងកាត់បន្ថយបាន នូវការទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ ដោយ ខុសច្បាប់ ពីសំណាក់ជនខិលខូចមួយចំនួន។ ចំពោះជនខិលខូច ដែលបានទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋ អាជ្ញាធរនឹងអនុវត្តន៍ទៅតាមច្បាប់ និងមិនផ្ដល់សិទ្ធិកាន់កាប់ ដល់ជនខិលខូចទាំងនោះឡើយ។

អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន បានជម្រុញអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនឹងដីធ្លី នៅគ្រប់ស្ថាប័ន អង្គភាពទាំអស់ ត្រូវរួមគ្នាចុះទប់ស្កាត់ និងបង្ក្រាបជនខិលខូច ដែលបានរំលោភចូលកាប់ រុករានទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋទាំងបំពានច្បាប់ ត្រូវនាំខ្លួនទៅអនុវត្តន៍តាមច្បាប់ប្រទេស ដោយមិនត្រូវ លើកលែងឲ្យជនខិលខូចទាំងនោះ ជាដាច់ខាត៕ ដោយ៖ ឡុង សំបូរ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner