សមត្ថកិច្ចចុះបិទទីតាំងជួសជុលរថយន្តធុនធំ “ឆាយ ឈាន” នៅសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ
បន្ទាយមានជ័យ៖ ទីតាំងកែឆ្នៃ និងជួសជុលរថយន្តធុនធំ “ឆាយ ឈាន” ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីមានបណ្ដឹបន្តបន្ទាប់ពីពលរដ្ឋ ពីផលប៉ះពាល់ និងបង្ករឲ្យមានគ្រោះថ្នាក់ដល់អ្នក ប្រើប្រាស់ផ្លូវសាធារណៈខាងមុខ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ សហការជាមួយការិយាល័យចរាចរណ៍ខេត្ត ចុះត្រួតពិនិត្យ
និងធ្វេីការបិទអាជីកម្មទីតាំងខាងលេីនេះតាមកាលបរិច្ឆេទដែលបានកណត់។
បញ្ជាក់ថា៖ កាលពីខែមេសាកន្លងទៅ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ធ្លាប់បានចុះពិនិត្យ និងអប់រំណែនាំដល់ម្ចាស់អាជីកម្មខាងលេីម្តងរួចមកហេីយ ព្រោះតែទីតាំងខាងលេីនេះ គ្រាន់តែសុំច្បាប់អាជីវកម្មជួសជុលរថយន្តធុនធំប៉ុណ្ណោះ ប៉ុន្តែមានការលួចលាក់កែច្នៃរថយន្តខុសលក្ខណៈប្ចេកទេស និងមិនមានច្បាប់អនុញ្ញាត ហេីយរដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញលិខិតទុករយៈ៣ខែ ដេីម្បីឲ្យម្ចាស់ទីតាំងខាងលេីធ្វេីការប្តូរទីតាំង និងសុំច្បាប់អនុញ្ញាតឲ្យបានត្រឹមត្រូវ។
លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ម្ចាស់រថយន្ត ជាពិសេសយានដ្ឋានជួសជុលរថយន្តនានា សូមកុំមានការលួចលាក់កែច្នៃរថយន្តដោយខុសលក្ខណៈប្ចេកទេស ព្រោះជាទង្វេីរផ្ទុយនឹងច្បាប់ ព្រមទាំងងាយក្នុងការបង្ករគ្រោះថ្នាក់ចរាចណ៍នៅតាមដងផ្លូវ ៕ ដោយ៖ ឃិន គន្ធា