រឿងរ៉ាវលក់ដីរដ្ឋតាមអំណាច (សជណ) កាន់តែបែកធ្លាយ ខណៈមន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីកសិកម្មនៅតែត្រៀមតវ៉ា

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ស្ពឺ៖ យោងតាមប្រភពច្បាស់ការបានទម្លាយឲ្យដឹងនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ នេះថា ទីតាំងដីអតីតផ្នែករដ្ឋបាលព្រៃឈើកំពង់ស្ពឺ ដែលបច្ចុប្បន្នជាទីតាំងខណ្ឌរដ្ឋបាលព្រៃឈើមួយទៀតក៏ត្រូវបានគេចាត់ចែងលក់ទៅឲ្យម្ចាស់ក្រុមហ៊ុន ហុងដា ថែមទាំងបានកក់លុយរាប់សិបម៉ឺនដុល្លារួចយូរណាស់មកហើយ ដោយមាន(សជណ)ផងដែរ បន្ទាប់ពីដីជាច្រើនកន្លែងដែលគេចាត់ចែងលក់មិនប្រកតី។

ប្រភពមួយបានបញ្ជាក់ថា មានអ្នករត់ធ្វើ(សជណ) មិនឲ្យមន្ត្រីណាម្នាក់បានដឹងឡើយ ហើយបានធ្វើការកក់លុយជាច្រើនម៉ឺនដុល្លារដោយស្ងៀមស្ងាត់បំផុត បន្ទាប់ពីបែកធ្លាយរឿងកាត់ដីមន្ទីរកសិកម្មលក់ តែដោយសារតែមួយរយៈនេះ មានការបែកធ្លាយការលក់ដីរដ្ឋជាច្រើនកន្លែង ដែលរៀបចំដោយមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ទើបជាហេតុរំខានដល់ការទូទាត់លុយរបស់ដីរដ្ឋនៃខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺផងដែរ។

មន្ត្រីរដ្ឋបាលព្រៃឈើជាច្រើនបានទទូចដោយចំហថា គ្មានទេរឿងលួចលាក់ដោះដូរ ឬរត់ការធ្វើ(សជណ)មិនឲ្យមន្ត្រីដឹងបែបនេះ បើចង់ដោះដូរត្រូវប្រជុំវាយតម្លៃ និងមានផែនការអភិវឌ្ឍន៍ឲ្យស្របតាមគោលការណ៏ច្បាប់ ហើយដោយមានការឯកភាពពីមន្ត្រីទាំងអស់។ ការលើកឡើងនេះ ពួកគាត់សំអាងថាទីនេះពួកគាត់ជាមន្ត្រីធ្វើការនៅទីនេះរាប់ឆ្នាំកន្លងមកហើយ ការដោះដូរដោយយកឡេះកិបកេងចំណេញលើដីរដ្ឋមិនគួរកើតមានទេ បច្ចុប្បន្នរាជរដ្ឋាភិបាលមានលុយ សម្រាប់ការអភិវឌ្ឋន៍ស្រាប់ មិនបាច់ដោះដូរក៏មានលុយកសាងដែរ ហើយបើដោះដូរត្រូវតែស៊ីសង្វាក់គ្នានិងចំនួនទីផ្សារសេរី ឬចំណេញចូលជាតិ។

ថ្នាក់ដឹកនាំជាច្រើនក្នុងខេត្តកំពង់ស្ពឺ សម្តែងក្តីមិនសប្បាយចិត្ត ក្នុងរឿងធ្វើ (សជណ) រឿងកាត់ដីរដ្ឋលក់ទាំងអស់របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ដោយអះអាងថា កាលជំនាន់មុនពួកគាត់កាន់កាំភ្លើងការពារចំណុចទាំងអស់នេះ ដោយមិនដែលបានជួបមុខប្រពន្ធកូននោះទេ ទម្រាំប្រទេសជាតិទទួលបានសុខសន្តិភាពដូចរាល់ថ្ងៃ ពួកគាត់មិនចង់ឲ្យបាត់បង់លទីតាំងអនុស្សាវរីយ៍កម្សត់កម្រទាំងអស់នេះទេ ពោលចង់ឲ្យមានអភិវឌ្ឍន៍ទីតាំងទាំងនេះជាថ្មីឲ្យបាស្អាតប្រសើរជាងការដោះដូរចំណេញទៅលើឈ្មួញទៅវិញ។

ជាក់ស្តែងកន្លងមកយើងធ្លាប់បានទទួលលិខិតខុសបច្ចេកទេស និងមានចេតនាធ្វើលិខិតក្លែងដោយគ្មានជំនាញណាចូលរួមចំនួន៤ច្បាប់ រួមមាន៖

ទី១៖គំនូសប្លង់រូបរាងដីចម្ការប្រេងខ្យល់ព្រៃផ្តៅ ដែលគូសដោយមន្ទីរកសិកម្ម និងចុះហត្ថលេខាឯកភាពដោយលោក ឈៀង តុលា ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ លេខ៣១០ កសរន.កស្ព ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩។

ទី២៖គំនូសប្លង់រូបរាងដីសង្កាត់រដ្ឋបាលព្រៃឈើផ្គង់ ដែលគូសដោយមន្ទីរកសិកម្ម និងចុះហត្ថលេខាឯកភាពដោយលោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម លេខ៣២៨ កសរន.កស្ព ចុះថ្ងៃទី១០ ឧសភា ឆ្នា២០១៩។

ទី៣៖លិខិតស្នើសុំគោលការណ៍ឲ្យក្រុមហ៊ុនមួយមកដោះដូរដីសង្កាត់ព្រៃឈើ ជាថ្នូរការចំណេញលុយចូលហោប៉ៅ ដោយមិនបានដាក់ដេញថ្លៃ ឬចរចាជាមួយមន្ត្រីឲ្យតម្លាភាពឡើយ។

ទី៤៖លិខិតកក់ប្រាក់របស់ក្រុមហ៊នដែលមន្ទីរកសិកម្មបានស្នើសុំ មិនទាន់ទទួលបានសិទ្ធិជាផ្លូវការផង បែរជាហ៊ានលក់ដីរបស់រដ្ឋ ស្ថិតក្នុងនីតិវិធីមិនទាន់ត្រឹមត្រូវទៅឲ្យអ្នកដទៃ ដោយមិនធ្វើតាមការងាររដ្ឋបាលត្រឹមត្រូវ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner