សន្តិសុខសណ្តាប់ធ្នាប់ខណ្ឌមានជ័យ និងសង្កាត់ចំនួន៦០នាក់ចូលរួមវគ្គបណ្តុះបណ្តាល វិជ្ជាសង្រ្គោះបឋមមូលដ្ឋានពីសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមមូលដ្ឋាន ដែលបានដំណើរការអស់រយៈពេលពេញ១ថ្ងៃ ជូនដល់បងប្អូនប្រជាការពារខណ្ឌមានជ័យ សរុបចំនួន៦០នាក់ ក្រោមអធិបតីភាពលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ នារសៀលថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេះ នៅរដ្ឋបាលខណ្ឌមានជ័យ។

នាឱកាសនោះ លោក ឌី រ័ត្នខេមរុណ បាននាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសូមចូលរួមកោតសរសើរវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបញ្ចប់វគ្គនាថ្ងៃនេះ។ លោកប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ សង្ឃឹម  និងជឿជាក់ថា បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះហើយ អស់លោកជាសិក្ខាកាមទាំងអស់ នឹងអាចយកចំណេះដឹងទាំងនេះទៅផ្សព្វផ្សាយបន្តឲ្យបានកាន់តែទូលំទូលាយ ក៏ដូចជាជួយដល់ជនរងគ្រោះនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ព្រោះថាបងប្អូនគឺជាអ្នកនៅជិត និងចុះជាប់ជាមួយបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានជាងគេបំផុត ឬក៏អាចដើរតួនាទីជាគ្រូពេទ្យក្នុងការជួយសង្គ្រោះបឋមជូនប្រជាជនដែរកើតហេតុចំពោះមុខយើងបាន។

បន្ថែមពីនេះទៀត កម្លាំងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌមានជ័យ បានចូលរួម វគ្គវិជ្ជាសង្រ្គោះបឋមចំនួន ៣ លើករួចមកហើយដែរ គឺ៖

-លើកទី១ មានចំនួន៨៥នាក់ ទទួលការបង្ហាត់បង្ហាញផ្ទាល់នៅសាលាខណ្ឌមានជ័យផ្ទាល់។

-លើកទី២ មានចំនួន២៥នាក់ ទទួលការបង្ហាត់បង្រៀននៅសាខាកាកបាទក្រហមរាជធានីភ្នំពេញ។

-និងលើកទី៣ មានចំនួន៦០នាក់ ដែរកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ៥០ រួមទាំងសង្កាត់១០នាក់ ទទួលការបណ្តុះបណ្តាលនៅសាលាខណ្ឌមានជ័យផ្ទាល់តែម្តង សរុបទាំងអស់មានចំនួន១៧០នាក់។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានបញ្ជាក់ថា ជាលទ្ធផលក្នុងវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមមូលដ្ឋាននេះ សិក្ខាកាមទទួលបាននិទ្ទេសល្អ ៧៥ភាគរយ និងមធ្យម២៥ភាគរយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner