រដ្ឋមន្រ្តីក្រសួងអប់រំ៖ គ្រូបង្រៀនត្រូវទាមទារមានចំណេះដឹងទូលាយ ទាំងផ្នែកវប្បធម៌ទូទៅ និងមានចិត្តសាស្រ្តគរុកោសល្យ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត្យសភាចារ្យហង់ជួនណារ៉ុន រដ្ឋមន្រ្តី ក្រសួងអប់រំយុវជននិងកីឡាបានអញ្ជើញចូលរួមក្នុងពិធីបើកការតាំងពិព័រណ៍អប់រំស្នាដៃស្រាវជ្រាវរបស់គរុនិស្សិតកម្រិតឧត្តមសិក្សា (បរិញ្ញាបត្រ+១) ជំនាន់ទី២៦ ឆ្នាំសិក្សា២០២១-២០២២ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ដោយមាន គរុនិស្សិត ចូលរួមស្រាវជ្រាវជាងមួយពាន់នាក់ លើ១៩មុខវិជ្ជាឯកទេស មាន២០៤ប្រធានបទ។

សារៈសំខាន់នៃការតាំងពិព័រណ៍នេះក្នុងគោលបំណងជំរុញឱ្យគរុនិស្សិត មានការយល់ដឹងពីតម្លៃនៃការផលិតសម្ភារឧបទេសសម្រាប់បង្រៀន និងរៀនធ្វើឱ្យខ្លឹមសារមេរៀនមានលក្ខណៈងាយស្រួលយល់បានស៊ីជម្រៅ ធ្វើឱ្យគរុនិស្សិតចាប់អារម្មណ៍ និងចូលរួមការស្រាវជ្រាវ ចេះ សហការ ធ្វើការជាក្រុម បង្កើតស្មារតីសាមគ្គីភាព យល់ពីតម្លៃ សមូហភាពគ្មានគំនិតអាត្មានិយមបណ្តុះគរុនិស្សិតឱ្យមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការបង្រៀន ។

ក្នុងឱកាសនោះឯកឧត្តមណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះ វិទ្យាស្ថានជាតិអប់រំ ដែលបានរៀបចំឱ្យមានការតាំងពិព័រណ៍នេះឡើង ធ្វើឱ្យប្អូនៗគរុនិស្សិត ទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀត ឯកឧត្តមបានបញ្ជាក់ថា គុណភាពគ្រូបង្រៀន គឺជាគុណភាពវិស័យ អប់រំ ជាអនាគត និងជាសរសរទ្រូងរបស់ប្រទេសជាតិ។

ក្រសួងអប់រំបានដាក់ចេញនូវការធ្វើកំណែទម្រង់វិស័យអប់រំ ក្នុងនោះ ផ្នែកមួយដ៏សំខាន់គឺការលើកកម្ពស់គុណភាពគ្រូបង្រៀនតាមរយៈការអនុវត្តគោលនយោបាយគ្រូបង្រៀន ទាក់ទាញសិស្ស និស្សិត ដែលមាន សមត្ថភាពខ្ពស់ ចូលបម្រើការងារគ្រូបង្រៀន ការកែលម្អលក្ខខណ្ឌ ការងារគ្រូបង្រៀន និងបង្កើនប្រាក់បៀវត្សរ៍ជូនគ្រូបង្រៀនជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា វិជ្ជាជីវៈស្តង់ដាគ្រូបង្រៀន ត្រូវទាមទារឱ្យគ្រូបង្រៀនមានចំណេះដឹងទូលាយ ទាំងផ្នែកវប្បធម៌ទូទៅ សីលធម៌រស់នៅល្អ មានចិត្តសាស្ត្រគរុកោសល្យ ដូចផ្នែកជំនាញ និងមានការស្រាវជ្រាវបន្ថែមជាប្រចាំ លើចំណេះដឹងឱ្យកាន់តែស៊ីជម្រៅ លើខ្លឹមសារមេរៀនកាន់តែល្អប្រសើរ ការប្រតិបត្តិវិជ្ជាជីវៈគ្រូបង្រៀនមិនមែនត្រឹមតែចេះដឹងនូវខ្លឹមសារមេរៀនប៉ុណ្ណោះទេ តែត្រូវស្គាល់បញ្ហា នៃកាវិវត្តន៍របស់សិស្ស ត្រូវយល់ដឹងពីចិត្តគរុកោសល្យ ស្វែងយល់ពីវិធីសាស្រ្តបង្រៀននៅសាលារៀនជំនាន់ថ្មី ដែលកំពុងត្រូវបានអនុវត្តនូវវិធីសាស្រ្តបង្រៀនទំនើបថ្មីៗ ដើម្បីបណ្តុះបំណិនសតវត្សរ៍ទី២១ ដូចជាបំណិនត្រិះរិះពិចារណា ដោះស្រយបញ្ហា ធ្វើការងារជាក្រុម នវានុវត្តន៍ រួមទាំងចំណេះផ្នែកបច្ចេកវិទ្យាផ្សេងៗទៀត៕
ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner