ជនសង្ស័យម្នាក់វ័យ ៤១ឆ្នាំត្រូវបានចាប់ខ្លួន ខណៈដែលមូលហេតុបាញ់ប្រហារលើលោក អាបេ នៅពុំទាន់ដឹង

តូក្យូ៖ នៅថ្ងៃសុក្រនេះសមត្ថកិច្ចជប៉ុនបានបញ្ជាក់អត្តសញ្ញាណជនសង្ស័យជាខ្មាន់កាំភ្លើង ដែលបានបាញ់ប្រហារលើអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក សិនហ្សូ អាបេ ខណៈដែលលោក អាបេ កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ និងគ្មានសញ្ញាសង្ឃឹមរស់ឡើយ។

បើតាមសារព័ត៌មានជប៉ុន NHK ប៉ូលិសបានចាប់ខ្លួនបុរសម្នាក់មានអាយុ ៤១ឆ្នាំ មានឈ្មោះថា យ៉ាម៉ាហ្កាមិ តេស៊ុយ៉ា (Yamagami Tetsuya) ហើយបានរឹបអូសកាំភ្លើងមួយដើមនៅកន្លែងកើតហេតុ។ តែមិនទាន់មានការបញ្ជាក់មូលហេតុនៅពីក្រោយការបាញ់ប្រហារលើលោក អាបេ នៅឡើយទេ។

បើតាមសារព័ត៌មានជប៉ុនដដែលនេះ លោក អាបេ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារចំនួន២គ្រាប់ ក្នុងនោះមានមួយគ្រាប់ត្រូវចំខ្នងពីក្រោយ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Nara Medical University Hospital ក្នុងស្ថានភាពរងរបួសធ្ងន់ធ្ងរ។

អតីតនាយករដ្ឋមន្ត្រីជប៉ុនរូបនេះបានរងការបាញ់ប្រហារពីខ្មាន់កាំភ្លើង ក្នុងកំលុងថ្លែងសុន្ទរកថាសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតមួយ នៃបេក្ខជនមកពីគណបក្សសេរីប្រជាធិបតេយ្យ ខណៈដែលការបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុននឹងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner