ទីអាថ៌កំបាំងនៃ តំបន់ពាង ៧០ឬភ្នំពើង និងមឈូសបូរាណនៅជីផាត នឹងត្រូវអភិវឌ្ឍន៍ដើម្បីឱ្យអ្នកទេសចរណ៍ចូលកម្សាន្ត
ខេត្តកោះកុង៖ តំបន់ពាង ៧០ ឬ ភ្នំពើង និងមឈូសបូរាណស្ថិតនៅក្នុងភូមិកំលត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដែលជាទីកន្លែង ដ៏អាថកំបាំងបំផុត ហើយគ្មានអ្នកណាម្នាក់អាចដឹងពី ការពិតរបស់វានោះនឹងត្រូវអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវមួយចំនួនដើម្បីឱ្យអ្នកទេសចរបានចូលកម្សាន្តនៅទីនោះ។ ការបញ្ចេញឱ្យដឹងបែបនេះ ធ្វើឡើងដោយលោក អន សុវណ្ណ ប្រធានសហគមន៍អេកូទេសចរណ៍ជីផាត ។
លោក អន សុវណ្ណ បានឱ្យដឹងថា នៅថ្ងៃខាងមុខសហគមន៍ នឹងធ្វើផ្លូវទៅកាន់តំបន់កន្លែងមួយនេះដោយអាចឱ្យមធ្យោបាយទាំងអ្នកធ្វើដំណើរតាម ម៉ូតូ កង់និងធ្វើដំណើរដោយថ្មើរជើង អាចទៅកាន់ទីនោះបានទាំងអស់គ្នាពីព្រោះថាទីកន្លែងនេះជាតំបន់អាថ៌កំបាំងមួយដែលមនុស្សចង់ដឹងចង់ឃើញដោយផ្ទាល់ ។
លោកបានបញ្ជាក់ដូច្នេះថា”យើងចង់អភិវឌ្ឍន៍ផ្លូវទៅកាន់កន្លែងនេះឱ្យអាចធ្វើដំណើរបានស្រួលទាំងម៉ូតូនិងកង់ ហើយអ្នកទេសចរមកដល់សហគមន៍ជីផាតអាចមើលរបស់អាថ៌កំបាំងរាប់រយឆ្នាំមកហើយនេះបានឃើញដោយផ្ទាល់ភ្នែកគ្រប់គ្នា”។
ទាក់ទិនទៅនឹងប្រវត្តិនៃតំបន់ ពាង៧០ ឬ ភ្នំពើង និងមឈូបូរាណនេះដែរ ត្រូវបាន លោក អន សុវណ្ណ រៀបរាប់ឱ្យដឹងថា គឺវាបានទាក់ទិននឹងជនជាតិដើមភាគតិចជងដែលមានអាយុកាលមិនទាបជាង៥០០ឆ្នាំទេ។ក្នុងសម័យកាលនោះ កុលសម្ព័ន្ធជនជាតិភាគតិចជង ដែលរស់នៅដាច់ពីមនុស្សពិភពខាងក្រៅ បានទុកដាក់របស់ជាទីសក្ការៈរបស់ពួកគាត់។របស់ទាំងអស់នេះប្រហែលជារបស់មេកុលសម្ព័ន្ធដែលពួកគាត់ទុកដាក់សម្រាប់ជាទីកន្លែងទីសក្ការៈគោរពបូជា និងវាក៏ជាទីតាំងមួយសក្តិសិទ្ធសម្រាប់ពួកគាត់បន់ស្រន់ផងដែរ។
លោកថា”រហូតមកដល់ពេលនេះទាំងប្រជាសហគមន៍ក៏ដូចជាអ្នកទេសចរដែលទៅដល់ទីកន្លែងនេះតែងនាំគ្នាបន់ស្រន់សុំសេចក្តីសុខ សេចក្តីចម្រើនរបស់ពួកគាត់ដែរ”។
គួរបញ្ជាក់ថា ទីកន្លែងបុរាណស្ថានមួយកន្លែងនេះមានពាងបូរាណ ចំនួន៤៥ពាងដែលស្ថិតលើកំពូលភ្នំដ៏សែនខ្ពស់ ។ទោះបីយ៉ាងណា គេអាចឡើងតាមចង្កេះភ្នំ៨៥៦ម៉ែត្រទើបទៅដល់ក្តា មឈូសពាងបូរាណ និង មានម្ឈូស៥ផ្សេងទៀត ត្រូវបានគេតំកល់ទុកនៅចង្កេះភ្នំ។ បច្ចុប្បន្នមានពាងបូរាណ មួយចំនួនក្នុងចំណោមពាង ទាំង៤៥ពាងបានបែកបាក់។ ការបាក់បែកនេះ ទំនងជាដោយសារតែ មនុស្សបានបោកបំបែកវា ដើម្បីស្វែងរកវត្ថុមានតម្លៃនៅខាងក្នុងពាង នោះ ព្រោះគេជឿថាបើសិនជាគេយកខ្សែកអង្កាំពីក្នុងពាងនោះទៅពាក់អោយកូនចៅពាក់ កូនចៅរបស់ពួក គេនឹងមានសេចក្តីសុខមិនចេះឈឺឡើយ។ បច្ចប្បន្នកន្លែងនេះត្រូវបានការពារដោយសហគមន៍អេកូទេសចរ ណ៍ជីផាត និងក្រុមអភិរក្ស ធនធានវប្បធម៌ និងវិចិត្រសិល្បៈការពារ។
បើតាមលោក អន សុវណ្ណ ប្រធានសហគមន៍អេកូទេសចរណ៍ជីផាត បានឱ្យដឹងដែរថា សហគមន៍អេកូទេសចរណ៍ជីផាត មានទីកម្សាន្តបែបធម្មជាតិជាច្រើន ដូចជា៖តំបន់ពាង៧០ឬភ្នំពើង ,មឈូសបូរាណ, តំបន់ពាងបុរាណ និងមឈូសបុរាណភ្នំពេល, តំបន់ពាងបុរាណអូរកី, តំបន់ពាមតាខាត់, អូរស្ពាត, ភ្នំត្រង៉ោល, ឆាយអូសគូទ, វាលប្រាក់, ឆាយទឹកវេទ, ស្ទឹងព្រ័ត, ថ្មអណ្តែត, ដំណាក់ខូស, អូរពាមក្រវ៉ាញ ជាដើម។
ប្រធានសហគមន៍អេកូទេសចរណ៍ជីផាតបានឱ្យដឹងបន្ថែមថា បច្ចុប្បន្នសហគមន៍របស់លោកបានផ្លាស់ប្តូរមុខមាត់ថ្មី ដោយក្នុងនេះជីវភាពប្រជាពលរដ្ឋបានលើកស្ទួយ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទឹកភ្លើងត្រូវបានរៀបចំយ៉ាងណាល្អប្រសើរ។ចំណែកចំនួនភ្ញៀវទេសចរ បានចូលកម្សាន្តកើនឡើងបន្តបន្ទាប់ដែលធ្វើឱ្យជីវភាពពលរដ្ឋកាន់តែធូរធាជាងមុន។
គួរបញ្ជាក់ថា សហគមន៍អេកូទេសចរណ៍ជីផាត ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧មក ដោយមានការគាំទ្រពីក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ អាជ្ញាធរខេត្ដកោះកុង និងការគាំទ្រថវិកា ដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្នុងគោលបំណងចូលរួមថែរក្សា និងការពារអភិរក្សធនធានធម្មជាតិ ដូចជាព្រៃឈើ និងសត្វព្រៃនៅក្នុងតំបន់នោះ។ បើគិតមកដល់ពេលបច្ចុប្បន្ន គឺមានរយៈពេល១៥ឆ្នាំហើយ ក្នុងការរៀបចំសហគមន៍ឡើង ដើម្បីជួយដល់ប្រជាសហគមន៍រស់នៅក្នុងតំបន់នេះឱ្យផ្លាស់ប្ដូរនូវទម្លាប់ពីការចូលព្រៃកាប់ឈើ ការបរបាញ់សត្វ ការដាក់អន្ទាក់ មកជាការចូលរួមការពារអភិរក្សធនធានធម្មជាតិ ការផ្ដល់សេវាផ្ទះស្នាក់នៅ និងការធ្វើម្ហូបអាហារ ដើម្បីទទួលបានចំណូលបន្ថែមពីភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលមកកម្សាន្ដស្នាក់នៅក្នុងសហគមន៍ ៕ ដោយ៖ម៉ាដេប៉ូ











