ថៃទទួលភ្ញៀវបរទេស ២.២១លាននាក់ហើយ តាំងពីដើមឆ្នាំ២០២២
បាងកក៖ ប្រទេសថៃបានស្វាគមន៍ភ្ញៀវបរទេសចំនួន២.២១លាននាក់ ជាមួយនឹងប្រាក់ចំណូលចំនួន ១២៥ ពាន់លានបាត នេះបើយោងតាមតួលេខផ្លូវការចេញផ្សាយថ្មីៗនេះ។
លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ Covid-19 នៅប្រទេសថៃបាននិយាយថា ក្រសួងទេសចរណ៍ និងកីឡាបានរាយការណ៍ក្នុងទៅកិច្ចប្រជុំមួយ កាលពីថ្ងៃសុក្រទី៨កក្កដាថា ជនបរទេសសរុបចំនួន ៣០៩៤៧ នាក់បានមកដល់ប្រទេសថៃ កាលពីថ្ងៃទី៦ ខែកក្កដា។
ភ្ញៀវទាំងនោះមកពីប្រទេសចំនួន៥ច្រើនជាងគេ រួមមាន៖ ម៉ាឡេស៊ី ឥណ្ឌា សិង្ហបុរី វៀតណាម និងអូស្ត្រាលី។ សរុបទាំងពីថ្ងៃទី១ មករា ដល់ ៦ កក្កដា មាន ២.២១៤.១៣២នាក់ ចំណូលចូលសេដ្ឋកិច្ចជាតិ ១២៥ពាន់លានបាត ឬជិត ៣៥០០លានដុល្លារអាមេរិក។
ព័ត៌មានចុងក្រោយ បង្ហាញថា ឥណ្ឌាមានមកច្រើនជាងគេ គឺ ២៤៩៤៦៦នាក់ ខណៈដែលបាងកកគឺជាទីតាំងទទួលបានអ្នកដំណើរបរទេសច្រើនជាងគេ នេះបើតាមប្រភពដដែល៕ ប្រភពពីបាងកកប៉ុស្តិ៍ (សារ៉ាត)




