សម្តេចក្រឡាហោម ស ខេង ៖ សម្រាប់ដំណើរឈានទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ២០២៣ខាងមុខ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត រហូតដល់ ឃុំ សង្កាត់ បន្តខិតខំប្រឹងប្រែងចិញ្ចឹមចលនាគណបក្សឲ្យកាន់រឹងមាំថែមទៀត
ខេត្តបាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ដំណើរឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣ខាងមុខ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរហូតដល់ឃុំ សង្កាត់ ត្រូវបន្តខិតខំប្រឹងប្រែងចិញ្ចឹមចលនាគណបក្សឱ្យបានកាន់តែរឹងមាំ និងមានគុណភាព និងបន្តសហការផ្ដល់ការគាំទ្រឱ្យបានខ្លាំងក្លាដល់រដ្ឋបាលមូលដ្ឋានឱ្យកាន់តែមានលទ្ធភាពច្រើនក្នុងកិច្ចការបម្រើប្រជាពលរដ្ឋ ពិសេសការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដូចជាគ្រោះមហន្តរាយធម្មជាតិជាដើម ។
សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង មានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំបូកសរុប វាយតម្លៃលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណតិ្តទី៥ ឆ្នាំ២០២២ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង នារសៀលថ្ងៃសៅរ៍ ១១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២នេះ ។
ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង បានឱ្យដឹងថា ខេត្តបាត់ដំបង មានប្រជាពលរដ្ឋមានឈ្មោះបោះឆ្នោតឆ្នាំ២០២១ ចំនួន ៦៣៣ពាន់ ៧៦៣នាក់ ស្មើនឹង៧៩,០២ភាគរយនៃចំនួនប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើងសរុបចំនួន៨០១ពាន់ ៩៨៥នាក់ ក្នុងនោះសមាជិកគណបក្សប្រជាជនកម្ពុជាមានចំនួន៤២៨ពាន់ ៨១១នាក់ ស្មើនឹង៦៧,៦៦ភាគរយ នៃចំនួនប្រជាពលរដ្ឋមានឈ្មោះបោះឆ្នោតសរុប។
ឯកឧត្តមបន្តថា នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ គណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបងទទួលបានសំឡេងឆ្នោតគាំទ្រសរុប ៣៤៧ពាន់ ៦២សំឡេង ស្មើនឹង ៧៦,០៩ភាគរយ ទទួលបាន ៦៧៦អាសនៈ នៃអាសនៈសរុប ៨២៣អាសនៈ ស្មើនឹង៨២,១៤ភាគរយ ក្នុងនោះឃុំដែលគណបក្សប្រជាជនកម្ពុជាឈ្នះអាសនៈច្រើនខ្ពស់ជាងគេ ក្នុងអត្រាសំឡេងគាំទ្រចាប់ពី៨០ភាគរយឡើង និងឈ្នះអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ ទាំងអស់មានចំនួន១៣ឃុំ។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា កិច្ចប្រជុំនៅថ្ងៃនេះ ទន្ទឹមគ្នានឹងការបូកសរុបលទ្ធផលនៃការបោះឆ្នោតឃុំ សង្កាត់ថ្មីៗកន្លងទៅនេះ ក៏នឹងមានការពិភាក្សាផ្លាស់ប្ដូរយោបល់គ្នា ដើម្បីស្វែងរកធាតុចូលល្អៗបន្ថែមទៀតពាក់ព័ន្ធនឹងចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងទិសដៅការងារសម្រាប់ដំណើរឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ខណៈលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងមិនអាចដូចគ្នានឹងលទ្ធផលនៃការបោះឆ្នោតថ្នាក់ជាតិនោះទេ ។
សម្ដេចក្រឡាហោម មានប្រសាសន៍ទៀតថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត មានចរិតនៃការតស៊ូផ្នែកនយោបាយតានតឹងជាងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ហើយទន្ទឹមគ្នានេះ សម្រាប់ខេត្តបាត់ដំបងផ្ទាល់ នៅក្នុងការបោះឆ្នោតជាតិខាងមុខ ក៏អាចនឹងមានប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតច្រើនជាងការបោះឆ្នោតឃុំ សង្កាត់ដែរ ជាពិសេសក្រុមប្រជាពលរដ្ឋចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ដោយសម្ដេចបានណែនាំឱ្យរចនាសម្ព័ន្ធពាក់ព័ន្ធរបស់គណបក្សបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីប្រមូលសំឡេងគាំទ្រពីប្រជាពលរដ្ឋទាំងនោះបន្ថែមទៀត។
សម្ដេចបានសង្កត់ធ្ងន់ទៀតថា«តើយើងនៅមានបញ្ហាអ្វីខ្លះទៀតដែលនៅសេសសល់? អាចនិយាយជាសរុបថាបញ្ហាដែលយើងចាត់ទុកថាវាមិនទាន់យុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ តើវានៅសល់បញ្ហាអ្វីទៀត នោះហើយជាបញ្ហាដែលយើងត្រូវតែមើលឱ្យឃើញ ហើយរួមគ្នាដោះស្រាយឱ្យបាន ដូចជាការរំលោភ ការបំពាន ប៉ះពាល់ទៅដល់សិទ្ធិ សេរីភាពរបស់ប្រជាពលរដ្ឋ នេះជាបញ្ហាធំធ្វើឱ្យមានភាពអយុត្តិធម៌ អាចបង្កភាពមិនសប្បាយចិត្ត ហើយមិននាំឱ្យមានការគាំទ្រ និងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារបស់យើង។ ដូច្នេះត្រូវរកភាពអសកម្ម រកបញ្ហាទាំងនោះឱ្យឃើញ ហើយនាំគ្នាដោះស្រាយ»។
នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ដល់ឱកាសជូនតំណាងគណបក្សដែលអញ្ជើញមកពីបណ្ដា ឃុំ សង្កាត់ មួយចំនួនក្នុងខេត្តបាត់ដំបង ឡើងថ្លែងពីបទពិសោធន៍ដែលបានជួបប្រទះក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សឃុំ សង្កាត់ ពិសេសបទពិសោធនៃកិច្ចខិតខំប្រឹងប្រែងក្រសោបយកសន្ដានចិត្តគាំទ្រពីប្រជាពលរដ្ឋ និងការជួបបញ្ហាប្រឈមនានា។ សម្ដេចក៏បានចូលរួមផ្ដល់ទស្សនាទានបន្ថែមភ្ជាប់ទៅនឹងការថ្លែងរបស់តំណាងគណបក្សនៅតាមមូលដ្ឋានទាំងនោះផងដែរ។
បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង បានផ្ដល់ទស្សនាទានបន្ថែមទៅកាន់អង្គប្រជុំ អំពីគុណតម្លៃនៃសុខសន្តិភាព និងស្ថិរភាពជាតិ ការខិតខំអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម កិច្ចខិតខំប្រឹងប្រែងបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ពិសេសការចាក់វ៉ាក់សាំងប្រកបដោយជោគជ័យ ដែលសមិទ្ធផលទាំងអស់នេះកើតចេញពីកម្លាំងសាមគ្គីភាពរបស់ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សគ្រប់លំដាប់ថ្នាក់ជាមួយរាជរដ្ឋាភិបាល ទាំងការបំពេញការងារស្នូលក្នុងនាមជាមន្រ្តីរាជការសាធារណៈ និងការបំពេញការងារក្នុងក្របខណ្ឌគណបក្សដើម្បីបំរើជាតិ និងបម្រើប្រជាជន ៕ ដោយ-រ៉ាវុធ
















