នាយករដ្ឋមន្រ្តីអ៊ុយក្រែន៖ អ៊ុយក្រែននឹងទទួលបានថវិកា ១.៧ពាន់លានដុល្លារពីម្ចាស់ជំនួយអន្តរជាតិ
កៀវ ៖ នាយករដ្ឋមន្រ្តីអ៊ុយក្រែនលោក ដេនីស ស៊្មីហាល់ នៅថ្ងៃសៅរ៍សប្តាហ៍នេះបានបង្ហោះសារនៅលើបណ្តាញសង្គម Telegram ថា អ៊ុយក្រែននឹងទទួលបានកញ្ចប់ថវិកាចំនួន ១.៧ពាន់លានដុល្លារពីម្ចាស់ជំនួយអន្តរជាតិ។
លោក ស៊្មីហាល់ បានគូសបញ្ជាក់ថា កញ្ចប់ថវិកាខាងលើនេះនឹងត្រូវបញ្ជូនមកកាន់ប្រទេសអ៊ុយក្រែន តាមរយៈមូលនិធិពីម្ចាស់ជំនួយតែមួយ ដែលបង្កើតឡើងដោយធនាគារអន្តរជាតិសម្រាប់ការកសាងអ៊ុយក្រែនឡើងវិញ និងការអភិវឌ្ឍន៍, សមាគមអភិវឌ្ឍន៍អន្តរជាតិ និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ។ មូលនិធិនេះដែរ នឹងត្រូវបានប្រើប្រាស់ដើម្បីរ៉ាប់រងការចំណាយរបស់អ៊ុយក្រែនទៅលើសេវាវេជ្ជសាស្រ្តក្រោមកម្មវិធីធានាផ្នែកវេជ្ជសាស្រ្ត។
ដោយឡែក រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែនលោក សឺហ៊ី ម៉ាចឈិនកូ បាននិយាយនៅក្នុងព្រឹត្តិការណ៍សាធារណៈមួយកាលពីខែមុនថា អ៊ុយក្រែនគ្រោងនឹងរៃអង្គាសប្រាក់ចំនួន ២០ពាន់លានដុល្លារជាជំនួយអន្តរជាតិ ពីសំណាក់ដៃគូប្រទេសលោកខាងលិចរបស់ខ្លួននៅចុងឆ្នាំ ២០២២ខាងមុខនេះ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា





