ប្រមុខការពារជាតិអ៊ុយក្រែន៖ មនុស្សប្រហែល១លាននាក់បានស្ម័គ្រចិត្តចូលរួមការពារប្រទេសអ៊ុយក្រែន
កៀវ ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលបានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក អូឡេកស៊ី រ៉េសនីកូវ បាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា មនុស្សប្រហែល១លាននាក់កំពុងចូលរួមក្នុងការការពារប្រទេសអ៊ុយក្រែន។
លោក រ៉េសនីកូវ បាននិយាយថា ទាហានប្រហែល ៧០០,០០០នាក់មកពីកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ុយក្រែន មន្ត្រីប៉ូលីសជាតិចំនួន ១០០,០០០នាក់ សមាជិកឆ្មាំជាតិចំនួន ៩០,០០០នាក់ និងឆ្មាំព្រំដែនចំនួន ៦០,០០០នាក់បានចូលរួមក្នុងសកម្មភាពនៃវិស័យសន្តិសុខ និងការពារជាតិក្នុងប្រទេសអ៊ុយក្រែន។
លោករដ្ឋមន្ត្រីបន្តថា អ៊ុយក្រែនមានបំណងទាក់ទាញការវិនិយោគបន្ថែមទៀតទៅលើវិស័យឧស្សាហកម្មយោធារបស់ខ្លួន និងបង្កើតការបណ្តាក់ទុនរួមគ្នាជាមួយដៃគូ ដើម្បីបំពេញតម្រូវការរបស់កងកម្លាំងការពារជាតិ។
ប្រមុខការពារជាតិអ៊ុយក្រែនរូបនេះបន្ថែមថា ដោយសារតែជម្លោះជាមួយរុស្ស៊ីនោះ អ៊ុយក្រែនបានក្លាយទៅជាប្រភេទនៃកន្លែងបណ្តុះបណ្តាលដ៏ធំ ដែលប្រភេទអាវុធថ្មីៗ និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតត្រូវបានប្រើប្រាស់។ គួរកត់សម្គាល់ ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា





