រថយន្ត Prius បុកឃឿនផ្លូវហើយបន្តទៅបុកចូលការ៉ាសសាំងមួយកន្លែងទៀតរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្ត toyota prius មួយគ្រឿង ក្នុងល្បឿនលឿនដល់ផ្លូវកោងបួងចង្កូតមិនទាន់ជ្រុលទៅបុកឃឿនផ្លូវបណ្តាលឲ្យរងការខូចខាត ហើយរថយន្តបង្កបានបន្តទៅមុខបុកចូលការ៉ាសសាំងមួយកន្លែងទៀតពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១១៖៣០ នាទីយប់ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២២នៅជិតស្ពានអាកាសចោមចៅ តាមបណ្តោយផ្លូវជាតិលេខ៣ កែងមហាវិថីចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត toyota prius មួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2AO-4115ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿន លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ស្ដាំដៃមកផ្លូវចោមចៅជួននឹងផ្លូវកោងបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកឃឿនផ្លូវ បណ្ដាលឲ្យបែកជិតមួយម៉ែត្រ ហើយរថយន្តបង្កមិនទាន់អស់ល្បឿនបានបន្តទៅមុខប្រមាណជិត ២០ម៉ែត្រក៏ជ្រុលទៅបុកចូលការ៉ាសសាំងមួយកន្លែងទៀតពេញទំហឹងបណ្ដាលឲ្យបង្គោលថ្មជាប់នឹងកន្លែងចាក់សាំងរងការខូចខាត ចំណែករថយន្តបង្កខ្ទេចផ្នែកខាងមុខ ទៅលែងរួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់បានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាបន្ទាប់មកខាងភាគីរថយន្ដបានចេញសំណងទៅឲ្យខាងភាគីការ៉ាស់សាំងចំនួន ១០០០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕ ដោយ៖ ជីម ភារ៉ា


