លោក ហ្សេលេនស្គី៖ រុស្ស៊ីមិនបញ្ឈប់ការវាយប្រហារលើអ៊ុយក្រែនឡើយ ខណៈមនុស្ស ១៥នាក់ទៀតបានស្លាប់

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថ្លែងថា រុស្ស៊ីមិនបានបញ្ឈប់ការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួនលើប្រទេសរបស់លោកនោះឡើយ បន្ទាប់ពីក្រុមមន្ត្រីបាននិយាយថា មនុស្សយ៉ាងតិច ១៥នាក់បានស្លាប់ ដោយសារគ្រាប់រ៉ុក្កែត Uragan របស់រុស្ស៊ីបានវាយប្រហារលើប្លុកផ្ទះល្វែងកម្ពស់៥ជាន់នៅក្នុងតំបន់ដូណេតក៍ របស់អ៊ុយក្រែន។

ថ្លែងតាមប្រព័ន្ធវីដេអូនៅយប់ថ្ងៃអាទិត្យម្សិលមិញ លោក ហ្សេលេនស្គី បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារនៅទីក្រុង Chasiv Yar នៃតំបន់ដូណេតក៍ អាចនឹងបន្តកើនឡើងបន្ថែមទៀត។ លោកថា អគារខ្ពស់ៗចំនួនពីរត្រូវបានបំផ្លាញ។ មនុស្សរាប់សិបនាក់ស្ថិតនៅក្រោមគំនរបាក់បែក។ មនុស្ស៦នាក់ត្រូវបានសង្គ្រោះ ខណៈដែលមនុស្ស ១៥ ស្ថិតក្នុងបញ្ជីអ្នកស្លាប់ ហើយជាអកុសលនោះ នេះមិនមែនជាចំនួនចុងក្រោយទេ។

ជាមួយគ្នានេះ លោក ហ្សេលេនស្គី បានធ្វើការបដិសេធចំពោះការអះអាងដែលថា ការវាយឆ្មក់តាមអាកាសរបស់រុស្ស៊ីត្រូវបានផ្អាក។ លោកថា ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីចំនួន ៣៤លើកក្នុងរយៈពេល ២៤ម៉ោងក្នុងមួយថ្ងៃកន្លងមក គឺជាចម្លើយចំពោះអ្នកទាំងអស់ដែលគិតថាបានផ្អាក៕ ប្រភព៖ Aljazeera ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner