សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅគោរព វិញ្ញាណក្ខន្ធ លោក ស៊ីនហ្សូ អាបេ នៅរសៀលថ្ងៃចន្ទ ទី១១ ខែក ក្កដា ឆ្នាំ២០២២ នៅស្ថានទូត ជប៉ុន ប្រចាំកម្ពុជា
ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញគោរព វិញ្ញាណក្ខន្ធ លោក ស៊ីនហ្សូ អាបេ នៅរសៀលថ្ងៃចន្ទ ទី១១ ខែក ក្កដា ឆ្នាំ២០២២ នៅស្ថានទូត ជប៉ុន ប្រចាំកម្ពុជា ទៅតាមកម្មវិធី ដែលបានគ្រោងទុក ។ សូមរំលឹកថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បាន សម្រេច ឲ្យប្រជាពលរដ្ឋ និងស្ថាប័នជាតិ ស្ថាប័នថ្នាក់ក្រោមជាតិ ចូលរួមកាន់ទុក្ខទូទាំងប្រទេសចំពោះមរណភាពអតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ីនហ្សូ (Shinzo Abe)។
ក្រៅពីនោះ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានសរសេរសារលិខិត រំលែក មណទុក្ខ សព លោកអតីតនាយករដ្ឋមន្ត្រី ស៊ីនហ៊្សូ អាបេ។ សម្តេចតេជោ ហ៊ុន សែន បាន មាន ប្រសាសន៍ថា មរណភាពរបស់លោក អាបេ ស៊ិនហ្សូ មិនត្រឹមតែជាការបាត់ប្រកបដោយភាព សោកស្តាយ តក់ស្លុត រន្ធត់ និងអាឡោះអាល័យ សម្រាប់តែប្រជាពលរដ្ឋជប៉ុនប៉ុណ្ណោះ តែសម្រាប់ ប្រជាពលរដ្ឋនៅលើពិភពលោក រួមទាំងប្រជាពលរដ្ឋកម្ពុជាផងដែរ។
សម្តេចតេជោ បានបញ្ជាក់ថា ក្នុងការកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនទាំងពីរលើក ឯកឧត្តម អាបេ ស៊ិនហ្សូ បានប្រឹងប្រែងយ៉ាងខ្លាំង ដល់ការជំរុញទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា រហូតក្លាយ ទៅជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០១៣។ បន្ថែមពីលើនោះ ឯកឧត្តម អាបេ ក៏បានជំរុញនូវការផ្តល់ ជំនួយគាំទ្រដល់ការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា រួមទាំងហេដ្ឋារចនាសម្ព័ន្ធផងដែរ។ ឯកឧត្តម អាបេ ក៏ជានាយករដ្ឋមន្ត្រី ដែលបានជំរុញដល់ទំនាក់ទំនងរវាងអាស៊ាន និងជប៉ុន និងជំរុញដល់ ទំនាក់ទំនងមេគង្គ-ជប៉ុនផងដែរ។
សូមបញ្ជាក់ថា សា្ថនទូតជប៉ុន ប្រចាំកម្ពុជា ក៏បានប្រកាសពីការ បើកទទួលសាធារណជន ចូលគោរព វិញ្ញាណក្ខន្ធ លោកអាបេ នៅថ្ងៃពុធ ទី១៣ ខែកក្កដា រហូតដល់ថ្ងៃសៅរ៍ ទី១៦ ខែកក្កដា (ចាប់ពីម៉ោង១០ព្រឹក-ថ្ងៃត្រង់ និងចាប់ពីម៉ោង២-៤ល្ងាច)។
ចំណែកការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប ក៏នឹង បើកទទួលសាធារណជន ចូលគោរព វិញ្ញាណក្ខន្ធ លោកអាបេ នៅ ថ្ងៃចន្ទ ទី១១ ខែកក្កដា រហូតដល់ថ្ងៃអង្គារ ទី១២ ខែកក្កដា (ចាប់ពីម៉ោង ១០ព្រឹក-ថ្ងៃត្រង់ និងចាប់ពីម៉ោង ២-៤ល្ងាច)។
លោក ស៊ីនហ៊្សូ អាបេ អាយុ ៦៧ឆ្នាំ ត្រូវបាន បុរសជនជាតិម្នាក់ បាញ់ សម្លាប់ កាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ក្នុងពេលលោកអាបេ ថ្លែង ឃោសនា រកសំឡេងឆ្នោត នៅក្នុងកិច្ចប្រជុំ នៅតាមផ្លូវសាធារណៈ ក្នុងទីក្រុងណារ៉ា ប្រទេសជប៉ុន ៕