ប្រធានាធិបតីហ្វីលីពីនជាសះស្បើយពីជំងឺកូវីដ-១៩ហើយ
ម៉ានីល៖ អ្នកនាំពាក្យប្រធានាធិបតីហ្វីពីនលោកស្រី ត្រិចស៊ី គ្រូស អាន់ជេលឡេស ថ្លែងថា ប្រធានាធិបតីហ្វីលីពីនលោក ហ្វឺឌីណាន់ ម៉ាកូស ជេអ កំពុងជាសះស្បើយពីជំងឺកូវីដ១៩វិញហើយ។
យោងតាមសម្តីពីវេជ្ជបណ្ឌិតរបស់លោកប្រធានាធិបតី លោកស្រី អាន់ជេល បាននិយាយថា ស្ថានភាពរបស់មេដឹកនាំហ្វីលីពីនកំពុងល្អប្រសើរឡើង និងថា លោក ម៉ាកូស មិនមានរោគសញ្ញាគ្រុនក្តៅទៀតទេ ហើយនៅតែស្គាល់រសជាតិ និងក្លិន។
ជាងនេះទៅទៀត លោក ម៉ាកូស ក៏មិនមានរោគសញ្ញាពិបាកដកដង្ហើម ឬជំងឺរលាកសួតទេ ហើយសញ្ញាសំខាន់របស់គាត់ គឺស្ថិតនៅក្នុងដែនកំណត់ធម្មតា។ ទោះបីជាយ៉ាងណា លោក ម៉ាកូស នឹងត្រូវទទួលការពិនិត្យពីមន្ទីរពិសោធន៍បន្ថែមទៀតក្នុងករណីចាំបាច់។
គួរបញ្ជាក់ថា ប្រធានាធិបតីហ្វីលីពីនលោក ហ្វឺឌីណាន់ ម៉ាកូស ជេអ បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ។ លោកមានរោគសញ្ញាគ្រុនក្តៅបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែលោកមិនអីទេ។ នេះជាការឆ្លងកូវីដ១៩លើកទីពីររបស់លោក ម៉ាកូស។ កាលពីកំលុងខែមករា ឆ្នាំ២០២២ លោកបានឆ្លងកូវីដ១៩ម្តងរួចមកហើយ ដែលកាលនោះ លោកនៅជាអតីតសមាជិកព្រឹទ្ធសភា និងជាបេក្ខជនប្រធានាធិបតី ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

