សម្ដេចតេជោ ហ៊ុន សែន ដាក់ចេញគោលការណ៍ និងផ្តល់អនុសាសន៍គន្លឹះ ចំនួន៤ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំជាប្រវត្តិសាស្រ្តនាឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យខ្ពស់

ភ្នំពេញ៖ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF Council)និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ាន ប៉ារ៉ា (ASEAN Para Sports Federation-APSF) នៅព្រឹកថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញគោលការណ៍ និងផ្តល់អនុសាសន៍គន្លឹះបន្ថែមមួយចំនួន ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំ ជាប្រវត្តិសាស្រ្តនេះឱ្យទទួលបានជោគជ័យខ្ពស់ រួមមាន ៖

ទី១. គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ត្រូវយកចិត្តទុកដាក់លើគ្រប់មុខសញ្ញា គ្រប់គ្រងព្រឹត្តិការណ៍សំខាន់ៗឱ្យបានរួចរាល់ និងទាន់ពេល ពិសេសការងារដែលត្រូវការពេលយូរ ត្រូវចាប់ផ្ដើមពីពេលនេះតទៅ ដូចជាការជួសជុលកែលម្អទីលានប្រកួតការរៀបចំប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យា ជីអឹមអេស (GMS) ការរៀបចំពិធីបើក និងពិធីបិទ ព្រមទាំងការរៀបចំកន្លែងស្នាក់នៅ ហូបចុក និងដឹកជញ្ជូនជាដើម ។

ជាមួយនេះ ត្រូវជំរុញឱ្យបានខ្លាំងថែមទៀត ក្នុងការអភិវឌ្ឍកម្រិតបច្ចេកទេសកីឡា រួមទាំងកីឡាល្បុក្កតោខ្មែរ និងកីឡាយុទ្ធគុនឥណ្ឌូណេស៊ី ដែលមានឈ្មោះថា ស៊ីឡាត់ (Silat) ដែលទទួលបានការឯកភាព ជួយពីឯកឧត្តមរដ្ឋមន្ត្រីការពារជាតិនៃប្រទេសឥណ្ឌូនេស៊ី និង កីឡាយូដូ ពីឯកឧត្តមអតីតឯកអគ្គរដ្ឋទូតជប៉ុន ។

ទី២.សម្ដេចសូមអំពាវនាវសារជាថ្មីដល់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជនចូលរួមយុទ្ធនាការផ្សព្វផ្សាយ និងយុទ្ធនាការលាងសម្អាតផ្ទះ និងសង្គមយើង តាមរយៈយុទ្ធនាការ “ប្រជាជន ម្នាក់លេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត ” “កម្ពុជាស្អាត បដិសណ្ឋារកិច្ចល្អ សេវាល្អ” “ កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយឥទ្ធិពលគ្រឿងញៀន” និង “កីឡារស់ក្នុងសន្តិភាព” ឱ្យបានផុសផុល ទាំងក្នុង និងក្រៅប្រទេស ។

ទី៣ . សម្ដេចតេជោ សូមស្នើក្រសួងអប់រំយុវជន និងកីឡា ពិនិត្យ លទ្ធភាពពន្យារវិស្សមកាលតូច ក្នុងអំឡុងពេលចូលឆ្នាំខ្មែរប្រពៃណីជាតិរហូតដល់ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៣ ដើម្បី ផ្តល់ឱកាសឱ្យសិស្ស-និស្សិតចូលរួមបម្រើការងារជាអ្នកស្ម័គ្រចិត្ត និងចូលរួមអបអរសាទរលើកទឹកចិត្តកីឡាករ កីឡាការិនីជាតិ-អន្តរជាតិ ។

ទី៤. សម្ដេចសូមអំពាវនាវបណ្តាប្រទេសសមាជិកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម មេត្តាផ្តល់នូវការគាំទ្រក្នុងគ្រប់ទម្រង់តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យការរៀបចំការប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ទទួលបាន ជោគជ័យ ។

ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន សូមថ្លែងអំណរគុណប្រតិភូកីឡា បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលបានគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម (SEA Games) និងអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) នៅឆ្នាំ ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ។សម្ដេច សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងឯកឧត្តម លោកជំទាវ ដែលជាអនុប្រធាន និងជាសមាជិកគណៈកម្មាធិការចំពោះ កិច្ចសហការល្អក្នុងការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សានេះ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner