ក្រសួងអប់រំយុវជន និងកីឡា បើកសិក្ខាសាលាផ្សព្វផ្សាយពីការប្រឹក្សាការងារសេវាកម្មប្រឹក្សា និងព័ត៌មានសម្រាប់យុវជន ក្នុងខេត្តក្រចេះ

ក្រចេះ៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន នៃក្រសួងអប់រំយុវជន និងកីឡា បានបើកសិក្ខាសាលាផ្សព្វផ្សាយពីការប្រឹក្សាការងារ សេវាកម្មប្រឹក្សា និងព័ត៌មានសម្រាប់យុវជន នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ជំទាវ ស្រូយ សុជាតិ អគ្គលេខាធិកានៃក្រសួងអប់រំយុវជន និងកីឡា ។

សិក្ខាសាលាមានគោលបំណងផ្សព្វផ្សាយព័ត៌មានសំខាន់ៗ ដល់យុវជនជាពិសេសសិស្សានុសិស្សនៅកម្រិតមធ្យមសិក្សា សំដៅធ្វើយ៉ាងណាឱ្យពួកគេអាចកំណត់បានច្បាស់លាស់អំពីផែនការក្នុងការសិក្សា ការរៀបចំខ្លួនចូលថ្នាក់ឧត្តមសិក្សា ដើម្បីទទួលបានជោគជ័យ និងសម្រេចតាមបំណងប្រាថ្នារបស់ខ្លួន ។

លោកជំទាវ ស្រូយ សុជាតិ មានប្រសាសន៍ ថា ការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព វាជាភារកិច្ចរបស់យើងទាំងអស់គ្នា ជាពិសេសស្ថាប័នទទួលបន្ទុកការងារយុវជន ក្នុងការបណ្តុះបណ្តាលយុវជនយើងឱ្យមានសមត្ថភាពជំនាញច្បាស់លាស់ ដើម្បីបំពេញតម្រូវការតាមការវិវត្តនៃសាកលភាវូបនីយកម្ម ។

លោកជំទាវ ក៏បានផ្ដាំផ្ញើដល់ប្អូនៗទាំងអស់សូមយកចិត្តទុកដាក់ស្តាប់ និងកត់ត្រានូវព័ត៌មានសំខាន់ៗ ដែលវាគ្មិនរបស់យើងនឹងបង្ហាញក្នុងសិក្ខាសាលានេះ ដែលសុទ្ធជាមេរៀន និងព័ត៌មានល្អៗសម្រាប់ជាជំនួយដល់ការសិក្សារបស់ប្អូននាពេលបច្ចុប្បន្ន និងមានប្រយោជន៍សម្រាប់ប្អូនៗ ដែលនឹងបន្តការសិក្សា ក៏ដូចជាជីវិតការងារ ជាបន្តបន្ទាប់ទៀតនាពេលអនាគត ៕ ដោយ ម៉េង គាង

ads banner