របាយការណ៍៖ សហរដ្ឋអាមេរិកកំពុងពិភាក្សាដកបម្រាមលក់អាវុធឱ្យអារ៉ាប៊ីសាអីឌីត បន្ទាប់ពីមានការឈ្លានពានអ៊ុយក្រែន
វ៉ាស៊ីនតោន៖ រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិងកំពុងពិភាក្សាអំពីការលុបចោលការហាមឃាត់របស់ខ្លួន ទៅលើការលក់សព្វាវុធវាយលុករបស់សហរដ្ឋអាមេរិកទៅឱ្យអារ៉ាប៊ីសាអូឌីត។ ប៉ុន្តែការសម្រេចចិត្តចុងក្រោយណាមួយ ត្រូវបានគេរំពឹងថា នឹងពឹងផ្អែកលើថាតើទីក្រុងរីយ៉ាដ ធ្វើឱ្យមានវឌ្ឍនភាពឆ្ពោះទៅរកការបញ្ចប់សង្រ្គាមនៅក្នុងប្រទេសយេម៉ែនដែលនៅជិតខាងដែរឬទេ? នេះបើយោងតាមប្រភពពីមនុស្ស ៤នាក់ដែលដឹងពីបញ្ហាខាងលើ។
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន គ្រោងនឹងធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតក្នុងសប្តាហ៍នេះ។ វិធីសាស្រ្តរបស់លោក បៃដិន ក្នុងការលក់អាវុធឱ្យអារ៉ាប៊ីសាអូឌីតបានធូរស្រាល ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែមីនា ដែលបានជំរុញឱ្យសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀតអំពាវនាវដល់អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងកំពូលរបស់ពិភពលោក ឱ្យបូមប្រេងបន្ថែមទៀត ដើម្បីទូទាត់ការបាត់បង់ការផ្គត់ផ្គង់របស់រុស្ស៊ី៕ ប្រភព៖ Aljazeera ប្រែសម្រួល៖ ទីណា និងបុត្រា



