ប្រមុខការទូតចិន៖ សហរដ្ឋអាមេរិក-ចិនគួរតែចូលរួមក្នុងអន្តរកម្មប្រកបដោយសុខភាពល្អនៅតំបន់អាស៊ីប៉ាស៊ីហ្វិក
ហ្សាកាតា៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី នៅថ្ងៃចន្ទដើមសប្តាហ៍នេះថ្លែងថា ចិន-សហរដ្ឋអាមេរិកគួរតែចូលរួមក្នុងអន្តរកម្មប្រកបដោយសុខភាពល្អនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោក វ៉ាង បានធ្វើការកត់សម្គាល់បែបនេះនៅពេលត្រូវបានសួរអំពីការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក និងប្រទេសដទៃទៀតក្នុងការពង្រឹង និងពង្រីកវត្តមាន ព្រមទាំងឥទ្ធិពលរបស់ពួកគេនៅក្នុងតំបន់ នៅពេលដែលលោកបានធ្វើសុន្ទរកថាគោលនយោបាយជាមួយសំណួរចម្លើយ (Q&A) នៅលេខាធិការដ្ឋានអាស៊ាន។
ជាមួយគ្នានេះ លោក វ៉ាង បានសង្កត់ធ្ងន់ថា គ្មានអ្វីដែលល្អជាងសម្រាប់ប្រទេសចិន និងសហរដ្ឋអាមេរិក ក្នុងការសម្រេចបាននូវអន្តរកម្មប្រកបដោយសុខភាពល្អនៅក្នុងតំបន់ ដែលនឹងមិនត្រឹមតែជួយបង្កើនការរំពឹងទុកជាវិជ្ជមានសម្រាប់ទំនាក់ទំនងចិន-អាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏ឆ្លើយតបទៅនឹងការរំពឹងទុកទូទៅរបស់ប្រទេសក្នុងតំបន់ផងដែរ។
លោកថា វានៅតែត្រូវការរបៀបដែលភាគីអាមេរិកនឹងឆ្លើយតប ហើយប្រការនេះក៏នឹងសាកល្បងថាតើសហរដ្ឋអាមេរិកអាចបោះបង់ចោលចិត្តគំនិតអនុត្តរភាពរបស់ខ្លួន យកឈ្នះលើចិត្តគំនិតសង្រ្គាមត្រជាក់ បោះបង់ចោលនូវតក្កវិជ្ជាសូន្យ និងពិតជាដើរតួនាទីស្ថាបនាក្នុងសន្តិភាព និងវិបុលភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ការអត្ថាធិប្បាយខាងលើនេះរបស់លោក វ៉ាង ធ្វើឡើងបន្ទាប់ពីគាត់បានជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន នៅកោះបាលីរបស់ឥណ្ឌូនេស៊ីនាពេលថ្មីៗនេះ ដោយលោក វ៉ាង បានស្នើថា ចិន-អាមេរិកគួរតែស្វែងយល់ពីការបង្កើតច្បាប់ សម្រាប់អន្តរកម្មប្រកបដោយសុខភាពល្អរវាងភាគីទាំងពីរនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីអនុវត្តតំបន់និយមបើកចំហ៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា



