រដ្ឋមន្ដ្រីក្រសួងកីឡាមីយ៉ាន់ម៉ា សម្ដែងការភ្ញាក់ផ្អើល និងមានមោទនភាព ចំពោះហេដ្ឋារចនាសម្ព័ន្ធកីឡាកម្ពុជា

ភ្នំពេញ ៖ លោក Minn Thein Zan រដ្ឋមន្ត្រីក្រសួងកីឡា និងកិច្ចការយុវជន និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកមីយ៉ាន់ម៉ា បានសម្ដែងការភ្ញាក់ផ្អើល និងមោទនភាព ចំពោះប្រទេសកម្ពុជា ដែលមានការអភិវឌ្ឍ និងរីកចម្រើនយ៉ាងឆាប់រហ័ស ជាក់ស្ដែងហេដ្ឋារចនាសម្ព័ន្ធកីឡា ដែលមានលក្ខណៈស្ដង់ដារសម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ពិសេសពហុកីឡដ្ឋានជាតិមរតកតេជោតែម្ដង។

ការលើកឡើងបែបនេះ បន្ទាប់មន្ដ្រីជាន់ខ្ពស់មីយ៉ាន់ម៉ាខាងលើ និងប្រតិភូ ជាសមាជិកក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា ១០ប្រទេសផ្សេងទៀត បានធ្វើដំណើរទស្សនកិច្ចហេដ្ឋារចនាសម្ព័ន្ធកីឡាកម្ពុជា រួមមានពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) និងពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោយការថ្លែងសុន្ទរកថាបើកកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជានាព្រឹកមិញនៅសណ្ឋាគារសុខាភ្នំពេញ។
លោកថា«ពិតជាគួរឲ្យរំភើបចិត្ត ចំពោះអគារដ៏ល្អ កីឡដ្ឋានដ៏ស្រស់ស្អាត ទីលានបាល់ទាត់ដ៏ស្រស់ស្អាត។ កម្ពុជាមានការរីកចម្រើនច្រើន ជាប្រទេសឆ្លាតវៃ។ ខ្ញុំពិតជាមានមោទកភាពចំពោះប្រទេសរបស់អ្នកណាស់»។

រដ្ឋមន្ដ្រីក្រសួងកីឡា មីយ៉ាន់ម៉ាដដែលបានបញ្ជាក់ថា «ខ្ញុំទើបតែមកដល់កម្ពុជាលើកដំបូង។ កម្ពុជាមានការរីកចម្រើន និងរីកចម្រើនយ៉ាងច្រើនជាមួយនឹងអគារ និងទីលានប្រកួតកីឡា។ កម្ពុជានឹងអាចធ្វើពិធីអបអរសាទរសម្រាប់ស៊ីហ្គេម លើកទី៣២ ដ៏អស្ចារ្យ…។ យើងបានត្រៀមខ្លួនរួចរាល់ ក្នុងការរៀបចំអត្តពលិក ដើម្បីបញ្ជូនមកចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ហើយយើងកំពុងរៀបចំព្រឹត្តិការណ៍ជាច្រើន ដើម្បីចូលរួមស៊ីហ្គេមនៅកម្ពុជា»។

លោកបន្ដថា «យើង (កម្ពុជា និងមីយ៉ាន់ម៉ា) ជាប្រទេសជិតស្និទ្ធនឹងគ្នា។ ដូច្នេះយើងសប្បាយចិត្តខ្លាំងណាស់ នៅពេលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ។ កាលពីព្រឹកមិញ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ពីការរង់ចាំអស់ ៦៤ឆ្នាំ ដើម្បីរៀបចំការប្រកួតស៊ីហ្គេម លើកទី៣២ នេះដែរ។ នេះហើយគឺជាអ្វីដែលខ្ញុំក៏រីករាយផងដែរ សម្រាប់ប្រទេស និងសម្រាប់ប្រជាជនកម្ពុជា»។

សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា លើកទី១ និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ លើកទី២ នៅកម្ពុជា នឹងត្រូវរៀបចំរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២២ នេះ។ កិច្ចប្រជុំនេះ ត្រូវបានចាត់ទុកជាកិច្ចប្រជុំចុងក្រោយ ក្នុងការអនុម័តលើការងារសំខាន់ៗមួយចំនួន ដូចជាការកំណត់ប្រភេទកីឡា ការលក់សិទ្ធិផ្សព្វផ្សាយ (ទូរទស្សន៍) និងការកែសម្រួលធម្មនុញ្ញសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ជាដើម ដែលមានប្រតិភូ និងភ្ញៀវអន្ដរជាតិមកពីបណ្ដាសមាជិកចូលរួមសរុបប្រមាណ ២០០នាក់៕Page

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner