លោកប្រធានាធិបតីអ៊ុយក្រែនពិភាក្សាជាមួយនាយករដ្ឋមន្រ្តីហូឡង់ផ្តោតលើជំនួយផ្នែកហិរញ្ញវត្ថុ និងយោធាសម្រាប់អ៊ុយក្រែន

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានជួបជាមួយភ្ញៀវ គឺនាយករដ្ឋមន្ត្រីហូឡង់លោក ម៉ាក រូត ដើម្បីពិភាក្សាអំពីជំនួយផ្នែកហិរញ្ញវត្ថុ និងយោធាសម្រាប់ទីក្រុងកៀវ។ នេះបើតាមសារព័ត៌មានប្រធានាធិបតីអ៊ុយក្រែន។

នៅក្នុងកិច្ចពិភាក្សាខាងលើនេះ លោក ហ្សេលេនស្គី បានថ្លែងអំណរគុណដល់លោក រូត ចំពោះការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុរបស់ហូឡង់ចំនួន ២០០លានអឺរ៉ូ ឬប្រហែល ២០១,៥លានដុល្លារ នៃកញ្ចប់ជំនួយហិរញ្ញវត្ថុបន្ថែមសម្រាប់អ៊ុយក្រែន ដែលនឹងជួយធានាដល់ការផ្តល់ហិរញ្ញប្បទាននៃការបង់ប្រាក់សម្រាប់គ្រូបង្រៀន វេជ្ជបណ្ឌិត និងប្រាក់សោធននិវត្តន៍របស់អ៊ុយក្រែន។

លោក ហ្សេលេនស្គី ក៏បានកោតសរសើរដល់ហូឡង់ផងដែរ សម្រាប់ការសន្យាផ្តល់អាវុធធុនធ្ងន់សម្រាប់ទីក្រុងកៀវ។ មេដឹកនាំអ៊ុយក្រែនបន្ថែមថា បើនិយាយពីបរិមាណនៃការគាំទ្រផ្នែកការពារជាតិដែលបានផ្តល់នោះ ហូឡង់គឺស្ថិតក្នុងចំណោមដៃគូកំពូលទាំង១០នៃប្រទេសរបស់យើង។ ជាមួយគ្នានេះ លោក រូត ថ្លែងថា ហូឡង់នឹងបន្តគាំទ្រអ៊ុយក្រែនផ្នែកនយោបាយ និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។

បន្ថែមលើនេះ លោក រូត បានសន្យាថា ប្រទេសរបស់លោកនឹងផ្គត់ផ្គង់ជំនួយយោធាបន្ថែមទៀតដល់អ៊ុយក្រែន រួមទាំងសព្វាវុធ និងឧបករណ៍ទំនើបៗផងដែរ។ នាឱកាសនោះដែរ មេដឹកនាំទាំងពីរក៏បានពិភាក្សាជុំវិញស្ថានភាពនៅតំបន់ជួរមុខក្នុងប្រទេសអ៊ុយក្រែន ការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ព្រមទាំងការកសាងអ៊ុយក្រែនឡើងវិញក្រោយជម្លោះផងដែរ៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner