មេដឹកនាំរុស្ស៊ី-តួកគី ពិភាក្សាគ្នាតាមទូរស័ព្ទផ្តោតលើស្ថានភាពនៅអ៊ុយក្រែន
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានពិភាក្សាអំពីការអភិវឌ្ឍន៍នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី និងស្ថានភាពនៅអ៊ុយក្រែន ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីតួកគីលោក តាយយីប អឺដូហ្គាន់ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ។
វិមានក្រឹមឡាំងបានលើកឡើងថា មេដឹកនាំទាំងពីរបានផ្តោតលើភារកិច្ចដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមទៀត រួមទាំងវិធានការកែលម្អក្របខ័ណ្ឌច្បាប់នៃកិច្ចសន្យា, ជំរុញការធ្វើពាណិជ្ជកម្ម និងការប្រើប្រាស់រូបិយប័ណ្ណជាតិក្នុងប្រតិបត្តិការ ក៏ដូចជាធានាការផ្គត់ផ្គង់ថាមពលរុស្ស៊ីដែលមិនមានការរំខាន។
បើតាមវិមានក្រឹមឡាំង មេដឹកនាំទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពនៅអ៊ុយក្រែន រួមទាំងមធ្យោបាយដែលប្រទេសទាំងពីរអាចសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាបាននូវការធ្វើដំណើរប្រកបដោយសុវត្ថិភាពនៅក្នុងសមុទ្រខ្មៅ និងការនាំចេញគ្រាប់ធញ្ញជាតិទៅកាន់ទីផ្សារពិភពលោក។
ជាមួយគ្នានេះ ការិយាល័យប្រធានាធិបតីតួកគីបានបញ្ជាក់ថា លោក អឺដូហ្គាន់ បានកត់សម្គាល់ថា វាដល់ពេលហើយសម្រាប់អង្គការសហប្រជាជាតិ ដើម្បីចាត់វិធានការសម្រាប់ផែនការទាក់ទងនឹងការបង្កើតច្រករបៀងសុវត្ថិភាព តាមរយៈសមុទ្រខ្មៅសម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិ។ លោកថា តួកគីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ការគាំទ្រគ្រប់ប្រភេទសម្រាប់ការរស់ឡើងវិញនៃដំណើរការចរចារវាងរុស្ស៊ី-អ៊ុយក្រែន៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា


