ខេត្តត្បូងឃ្មុំ នឹងក្លាយជាខេត្តអស់មីន ក្នុងរយៈពេល ៦ខែ ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»

ភ្នំពេញ៖ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចសន្យាលើការងារបោសសម្អាតមីនក្នុងខេត្តត្បូងឃ្មុំ រវាងអាជ្ញាធរមីន និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC)។ ពិធីចុះកិច្ចសន្យា បានធ្វើឡើងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ការចុះកិច្ចសន្យានេះ បានទទួលការអនុញ្ញាតពីសម្តេចតេជោនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ ដែលនេះគឺជាការចាប់ផ្តើមអនុវត្តន៍ការងារបោសសម្អាតមីនដំណាក់កាលដំបូង នៃគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ដើម្បីប្រកាសខេត្តត្បូងឃ្មុំ ជាខេត្តអស់មីន ក្នុងរយៈពេល ០៦ខែ ហើយបន្ទាប់ពីកុងត្រានេះ កម្លាំង NPMEC នឹងចាប់ផ្តើមបោសសម្អាតនាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងបញ្ជាក់បន្ថែមថា «បន្ទាប់ពីក្រុមការងារបច្ចេកទេសអាជ្ញាធរមីន និងមជ្ឈមណ្ឌលជាតិកងកម្លាំងរក្សាសន្តិភាព NPMEC បានចុះពិនិត្យ និងវាយតម្លៃរួមគ្នានូវស្ថានភាពចម្ការមីនជាក់ស្តែងក្នុងខេត្តត្បូងឃ្មុំ តាមវិធីសាស្រ្តផ្ទៀងផ្ទាត់ការប្រើប្រាស់ផ្ទៃដីមានមីនជាក់ស្តែង (Ground Data Verification) ផ្ទៃដីចំនួន ៣.៩៨៤.២១៩ ម៉ែត្រក្រឡា នឹងត្រូវបោសសម្អាតឲ្យអស់ក្នុងខេត្តត្បូងឃ្មុំ»។

ឯកឧត្តមបន្តទៀតថា ដើម្បីបញ្ចប់វត្តមានគ្រាប់មីននៅខេត្តត្បូងឃ្មុំ ត្រូវការប្រើប្រាស់ថវិកាសរុបចំនួន ៧៦៤.៣០២ ដុល្លារអាមេរិក ក្នុងនោះត្រូវចំណាយលើ ការចុះផ្ទៀងផ្ទាត់ផ្ទៃដីជាមុន ត្រួតពិនិត្យគុណភាព ក្នុងកំឡុងពេលប្រតិបត្តិការបោសសម្អាត និងការងារបោសសម្អាតមីនទាំងស្រុង។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ក្រៅពីការងារបោសសម្អាតមីននៅខេត្តត្បូងឃ្មុំ ថ្ងៃនេះក្រុមការងារអាជ្ញាធរមីន កំពុងធ្វើការជាមួយក្រុមការងារកងទ័ពជើងគោក កំពុងចុះពិនិត្យ និងវាយតម្លៃស្ថានភាពចម្ការមីននៅស្រុកឧត្តុង្គ និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនាពេលឆាប់ៗនេះ៕ដោយ៖លីដា

ឈុន លីដា
ឈុន លីដា
បន្ទាប់ពីឆ្លងកាត់ជាមន្ត្រីបម្រើការងារនៅស្ថាប័នរដ្ឋមួយរយៈ ក៏បានក្លាយ​ជាពិធីការិនីដ៏មានប្រជាប្រិយ បូករួមនឹងការឆ្លងកាត់វគ្គបណ្តុះបណ្តាលសារព័ត៌មានពីអ្នកជំនាញអាជីពទាំងបរទេស-ខ្មែរ បានផ្តល់ឱកាសឱ្យបុគ្គលិកបម្រើការងារឆ្នើមរូបនេះ ក្លាយជាអ្នកគ្រប់គ្រងកម្មវិធីកម្ពុជាមាតុភូមិយើងដ៏ពេញនិយមនាពេលបច្ចុប្បន្ន
ads banner
ads banner
ads banner