ធនាគារថៃ៖ ទេសចរអន្តរជាតិអាចនឹងកើនដល់ ៨លាននាក់ក្នុងឆ្នាំ២០២២នេះ
បាងកក៖ វត្តមានទេសចរបរទេសនៅប្រទេសថៃអាចមាន ៨លាននាក់ នៅឆ្នាំ២០២២នេះ បន្ទាប់ពីចំនួននៃការទៅដល់នៃអ្នកទេសចរ នាប៉ុន្មានខែចុងក្រោយនេះ បានហក់ឡើងខ្ពស់ នេះបើតាមទេសាភិបាលនៃធនាគារថៃ (Bank of Thailand)។
ចំនួនអ្នកដំណើរបរទេសដែលចូលប្រទេសថៃបានកើនឡើង ប្រមាណ ៣ម៉ឺននាក់ ក្នុងមួយថ្ងៃ។ ប្រសិនបើកំណើននេះនៅតែបន្តរហូតដល់ចុងឆ្នាំ២០២២នោះ ភ្ញៀវទេសចរអន្តរជាតិសម្រាប់ឆ្នាំ២០២២អាចនឹងមានរហូតដល់ ៨លាននាក់ ខ្ពស់ជាងការព្យាករណ៍របស់ធនាគារនេះពីមុន ដែលថាមាន ៦លាននាក់នោះ។
នេះជាប្រសាសន៍របស់ លោក Sethaput Suthiwartnarueput ទេសាភិបាលនៃធនាគារថៃ ថ្លែងក្នុងសិក្ខាសាលាមួយស្តីពីទស្សនវិស័យសេដ្ឋកិច្ច ក្នុងភាគខាងត្បូង កាលពីថ្ងៃទី១១ កក្កដា ។
យោងតាមទិន្នន័យសេដ្ឋកិច្ចរបស់ធនាគារកណ្តាលមួយនេះ កាលពីខែឧសភាថា មានអ្នកទេសចរបរទេស ១.៣១លាននាក់ បានទៅប្រទេសថៃ ក្នុងពេល៥ខែដំបូងនៃឆ្នាំ២០២២។ គ្រាន់តែឧសភា កើនដល់ជាង៥២ម៉ឺននាក់ ខណៈខែមេសា មានជិត៣០ម៉ឺននាក់ ហើយ ខែមីនា មានជាង ២១ម៉ឺននាក់។
លោកបានគូសបញ្ជាក់ដែរថា រាល់កំណើននៃទេសចរបរទេសរាប់លាននាក់ ធ្វើឲ្យ GDP ប្រទេសមានកំណើន ០.៤ភាគរយ ដូច្នេះបង្ហាញថា វិស័យទេសចរណ៍គឺជាកត្តាគន្លឹះ ជួយស្រោចស្រង់សេដ្ឋកិច្ចថៃ៕ ដោយ៖ សារ៉ាត



