ថៃថា ខ្វះកម្មករមកពីក្រៅប្រទេសជាង ៥០ម៉ឺននាក់

បាងកក៖ សភាពាណិជ្ជកម្មរបស់ប្រទេសថៃបានឲ្យដឹង នៅថ្ងៃទី១២ កក្កដា ២០២២ថា ថៃត្រូវការកម្មករចំណាកស្រុក ជាងកន្លះលាននាក់ ខណៈដែលសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះកំពុងតស៊ូជាមួយនឹងការស្ទុះងើបឡើងវិញក្រោយជំងឺរាតត្បាត។

លោក Poj Aramwattananont អនុប្រធានសភាពាណិជ្ជកម្មថៃ បានប្រាប់សន្និសីទសារព័ត៌មានមួយថា តម្រូវការកម្មករមានកម្រិតខ្ពស់ នៅក្នុងវិស័យដែលពឹងផ្អែកលើកម្លាំងពលកម្ម រួមទាំងទំនិញកសិកម្ម និងការកែច្នៃម្ហូបអាហារសម្រាប់ការនាំចេញ សំណង់ និងទេសចរណ៍ និងសេវាកម្ម។

លោកបានថ្លែងថា៖ «សព្វថ្ងៃនេះ កម្មករគឺជាបញ្ហាធំសម្រាប់ជំរុញសេដ្ឋកិច្ចប្រទេសនេះនឹងត្រូវការពលករចំណាកស្រុកសរុបយ៉ាងហោចណាស់ពី ៣ ទៅ ៤ លាននាក់ដើម្បីឲ្យសេដ្ឋកិច្ចដើរទៅមុខ។

លោក Poj បាននិយាយថា ឧបសគ្គក្នុងការជ្រើសរើសពលករចំណាកស្រុករួមមានបញ្ហានៅក្នុងប្រទេសកំណើតរបស់ពួកគេ ដូចជា ភាពចលាចលស៊ីវិលក្នុងប្រទេសមីយ៉ាន់ម៉ា និងការប្រកួតប្រជែងសម្រាប់កម្មករមកពីប្រទេសផ្សេងទៀតដូចជាប្រទេសជប៉ុន និងប្រទេសចិន។

លោកថា ថៃ បច្ចុប្បន្ន មានពលករចំណាកស្រុក ដែលមានឯកសារត្រឹមត្រូវ ២,៥ លាននាក់ មកពីបណ្តាប្រទេសជិតខាង៕ ប្រភព៖ CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner