កំណាត់ផ្លូវជាតិលេខ៤ផ្អាកចរាចរណ៍នៅកំពង់សីលាដោយសារជំនន់ទឹកភ្លៀង (Video Inside)

ការធ្លាក់ភ្លៀងយ៉ាងច្រើននិងមានទឹកធ្លាក់មកពីលើភ្នំគិរីរម្យ បានធ្វើអាជ្ញាធរសម្រេចផ្អាកការ ធ្វើចរាចរណ៍បណ្តោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង ចន្លោះ គីឡូម៉ែត្រលេខ១១៥ និង១១៦។ ចន្លោះគីឡូម៉ែត្រនោះ គឺស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទះ ស្រុកកំពង់សីលា ក្នុងខេត្តព្រះសីហនុ។

ជំនន់ទឹកភ្លៀងនិងទឹកធ្លាក់ពីលើកំពូលភ្នំនោះ បានធ្វើឱ្យទឹកបានកើនឡើងលិចលើផ្លូវជាតិនៅទីនោះ។ សេចក្តីរាយការណ៍បានឱ្យដឹងថា ផ្ទះ យ៉ាងហោច៣៧ខ្នងបានរងការលិចដោយជំនន់ទឹកភ្លៀង។ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតំបន់នោះ ត្រូវតែបង្កើននូវការប្រុងប្រយ័ត្ន។ 

យោងតាមក្រសួងធនធានទឹកនិងឧតុនិយម ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយរហូតដល់ថ្ងៃទី១៤ កក្កដាដោយសារកម្ពុជាបានរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយពីប្រទេស ថៃភ្ជាប់ទៅនឹងសម្ពាធទាបសកម្មមួយនៅលើសមុទ្រចិនខាងត្បូង រួមជាមួយ និងមូសុងនិរតី បក់ខ្លាំង មកលើតំបន់មាត់សមុទ្រ។

ads banner