កម្ពុជារៀបចំសិក្ខាសាលាក្រុមអ្នកជំនាញប្រទេសអភិវឌ្ឍន៍តិចតួចស្តីពីផែនការជាតិបន្សុំានឹងការប្រែប្រួលអាកាសធាតុ សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក
សៀមរាប៖ ក្រសួងបរិស្ថានសហការជាមួយលេខាធិការដ្ឋានអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (UNFCCC) បានរៀបចំសិក្ខាសាលាក្រុមអ្នកជំនាញប្រទេសអភិវឌ្ឍន៍តិចតួចស្ដីពី ផែនការជាតិបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់ពីថ្ងៃទី១២-១៥ ខែកក្កដា ឆ្នាំ២០២២។
សិក្ខាសាលាមានគោលបំណងដើម្បីគាំទ្រក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ក្នុងការរៀបចំនិងធ្វើបច្ចុប្បន្ន ភាពផែនទីបង្ហាញផ្លូវផែនការជាតិបន្ស៊ាំ (NAP) ការចែករំលែកឧត្តមានុវត្តន៍និងបទពិសោធន៍ ដើម្បីកំណត់ជំនួយបច្ចេកទេសនានាក្នុងការរៀបចំសំណើគម្រោងដើម្បីទទួលបានការគំាទ្រហិរញ្ញវត្ថុពីមូលនិធិអាកាសធាតុបៃតង និងមូលនិធិអាកាសធាតុនានា។
សិក្ខាសាលាបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក អនុប្រធានទី២ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីភាព និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីភាព និងជារដ្ឋមន្រ្តីក្រសួងបរិស្ថាន និងដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងបរិស្ថាន/ក្រសួងស្ថាប័នពាក់ព័ន្ធ តំណាង UNFCCC តំណាងមូលនិធិអាកាសធាតុបៃតង តំណាងដៃគូអភិវឌ្ឍន៍ ប្រធាននិងតំណាងក្រុមប្រទេសអភិវឌ្ឍន៍តិចតួចចំនួន ១៧ ប្រទេស អ្នកអង្កេតការណ៍អន្តរជាតិ ចំនួន៦០ រូប។
ថ្លែងក្នុងឱកាសបើកសិក្ខាសាលា ឯកឧត្តម ទិន ពន្លក បានលើកឡើង អំពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងចំណាត់ការដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ទើបយើងមានឱកាសបានជួបប្រជុំដោយផ្ទាល់ក្នុងសិក្ខាសាលាថ្នាក់តំបន់ដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមបន្តថាប្រទេសកម្ពុជាងាយរងគ្រោះខ្លាំងពីការប្រែប្រួលអាកាសធាតុ ដូចប្រទេសមួយចំនួនក្នុងតំបន់ ហើយ សកម្មភាពបន្ស៊ាំដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពងាយរងគ្រោះទៅនឹងការប្រែប្រួលអាកាសធាតុ និងចូលរួមលើកកម្ពស់ជីវភាពប្រជាជន។
ឯកឧត្តមបានបន្ថែមថា លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំកំពូលលើកទី២៦ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) ក៏បង្ហាញពីអាទិភាពនៃសកម្មភាពបន្ស៊ាំ និងជាពិសេសការសន្យានិងកៀរគរថវិកាពីប្រទេសអភិវឌ្ឍន៍សម្រាប់អនុវត្តសកម្មភាពបន្ស៊ាំ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចត្រូវធ្វើសកម្មភាពបន្ថែមទៀតដើម្បីប្រែក្លាយការសន្យាផ្តល់ថវិកាទាំងនោះ ទៅជាការអនុវត្តសកម្មភាពជាក់ស្តែងតាមរយៈជំនួយបច្ចេកទេស និង ថវិកា តាមរយ:ការអនុវត្តគម្រោងបន្ស៊ាំនានា។
ឯកឧត្តមក៏បានបន្ថែមទៀតថា សង្រ្គាមដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែនបានធ្វើឱ្យភាពងាយរងគ្រោះនៃបណ្តាប្រទេសអភិវឌ្ឍន៍តិចតួចកាន់តែធ្ងន់ធ្ងរឡើងៗ។ ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ជំងឺកូវីដ-១៩ និងសង្រ្គាមនេះរារាំងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ដោយចីរភាព។ លើសពីនេះ សកលភាវូបនីយកម្ម និងពហុភាគីនិយមកំពុងផ្លាស់ប្តូរ ដែលទំនងជានឹងប៉ះពាល់ដល់របៀបដែលប្រទេសនានាបានធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាសកល ដូចជាការប្រែប្រួលអាកាសធាតុជាដើម។ នៅក្នុងបរិបទការវិវត្តថ្មីនេះ វាមានសារៈសំខាន់សម្រាប់យើងទាំងអស់គ្នាក្នុងការកែសម្រួលយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់យើងឆ្ពោះទៅរកមាគ៌ាបៃតង និងធន់នឹងការប៉ះទង្គិចផ្នែកសេដ្ឋកិច្ច ឬភូមិសាស្ត្រនយោបាយខាងក្រៅ ជាពិសេសទាក់ទងនឹងសន្តិសុខស្បៀងនិងថាមពល។ កម្ពុជា បានដាក់បញ្ចូលនូវសកម្មភាពបៃតងនិងអាកាសធាតុ ចំនួន១៣ ទៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយ កូវីដ-១៩។
បន្ថែមលើសពីនេះ តំណាងលេខាធិការអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (UNFCCC) បានសម្តែងនូវការថ្លែងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថានក្នុងការសហការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឱ្យលេចជារូបរៀងឡើង ទោះបីស្ថិតក្នុងកាលៈទេសៈដ៏លំបាកពីការរីករាលដាលនៃជំងឺកូវីដ ១៩។ លោកបន្តគាំទ្រដល់ប្រទេសកម្ពុជា និងប្រទេសអភិវឌ្ឍន៍តិចតួចដទៃទៀតកក្នុងរៀបចំផែនការសកម្មភាពបន្ស៊ាំ និងបច្ចេកទេសពាក់ព័ន្ធដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
សិក្ខាសាលារយៈពេលបួនថ្ងៃនេះនឹងពិភាក្សាអំពីការរៀបចំផែនការជាតិបន្ស៊ាំ ការចែករំលែកបទពិសោធន៍ ក្នុងការរៀបចំសំណើគម្រោង ការកំណត់សកម្មភាពបន្ស៊ាំអាទិភាពក្នុងការរៀបចំគម្រោងដើម្បីទទួលការគំាទ្រហិរញ្ញវត្ថុពីមូលនិធិអាកាសធាតុបៃតង ក៏ដូចជាមូលនិធិនានា និងការអនុវត្តផែនការសកម្មភាពបន្ស៊ាំ ការលើកកម្ពស់ចំណេះដឹង និងបច្ចេកវិទ្យាសមស្របសម្រាប់ការអនុវត្តសកម្មភាពបន្ស៊ាំរបស់បណ្តាប្រទេសអភិវឌ្ឍន៍តិចតួច៕
ដោយ:គ្រី សម្បត្តិ





