អ៊ុយក្រែនក្លាយជាសមាជិករង នៃកម្មវិធីអន្តរប្រតិបត្តិការពហុភាគី (MIP) របស់ណាតូ
កៀវ៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក អូឡិចស៊ី រ៉េសនីកូវ បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា អ៊ុយក្រែនបានក្លាយជាសមាជិករង នៃកម្មវិធីអន្តរប្រតិបត្តិការពហុភាគី (MIP) ដែលសម្របសម្រួលកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា នៃកងទ័ពប្រទេសសមាជិកអង្គការណាតូ។
លោក រ៉េសនីកូវ ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មានរបស់ក្រសួងការពារជាតិអ៊ុយក្រែនថា អ៊ុយក្រែនមានសក្តានុពលផ្នែកវិទ្យាព័ត៌មាន (IT) ដ៏រឹងមាំ ហើយខ្លួនក៏ជាសម្ព័ន្ធមិត្តរបស់អង្គការណាតូដ៏សក្តិសម។
បើតាមក្រសួងការពារជាតិអ៊ុយក្រែន សមាជិកភាពសហការក្នុងកម្មវិធីអន្តរប្រតិបត្តិការពហុភាគី (MIP) បានផ្តល់ឱ្យអ៊ុយក្រែននូវសិទ្ធិក្នុងការចូលរួមការអភិវឌ្ឍន៍ និងការណែនាំស្តង់ដារសំខាន់ៗរបស់អង្គការណាតូ ដែលទាក់ទងនឹងអន្តរកម្ម នៃប្រព័ន្ធគ្រប់គ្រងការប្រយុទ្ធ និងការអនុវត្តពាក់ព័ន្ធ។
គួរបញ្ជាក់ថា MIP គឺជាកម្មវិធី នៃកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យារវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសសមាជិកណាតូ ដែលត្រូវបានបង្កើតឡើងក្នុងកម្រិតនៃអ្នកអភិវឌ្ឍន៍ជាតិ នៃប្រព័ន្ធព័ត៌មានគ្រប់គ្រងការប្រយុទ្ធ ហើយមានគោលបំណងសម្រេចបាននូវអន្តរប្រតិបត្តិការនៃប្រព័ន្ធ C2IS ជាតិ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា


