សមាគមសប្បុរសធម៌សង្គមពន្លីផ្កាឈូក ប្រទេសព្រុយណេ តាមរយៈព្រះគ្រូចៅអធិការវត្តខ្លាកូនថ្មីបន្តជួយភ្លើងសូឡាដល់សហគមន៍

បន្ទាយមានជ័យ៖ សមាគមសប្បុរសធម៌សង្គមពន្លីផ្កាឈូក(Lotus Light Charithy Social :LLCS ) ដែលកាន់ពុទ្ធសាសនាមហាយាននៅប្រទេសព្រុយណេ តាមរយ:ព្រះឥន្ទមុនីវង្សាសំ វ៉ាន់ថា ព្រះរាជាគណ:ថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ទីប្រឹក្សាសម្តេចអគ្គមហាសង្ឃរាជ សុមេធាធិបតីទេព វង្សនិងជាព្រះចៅអធិការវត្តគិរីធម្មបទខ្លាកូនថ្មីបន្តជួយភ្លើងសូឡានិងសមិទ្ធផលនានាដល់វត្តនេះនិងសហគមន៍ពុទ្ធបរិស័ទ ក៏ដូចជាពលរដ្ឋនៅភូមិខ្លាកូនថ្មីសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ។

លោក គី ប៊ុនធឿន មេភូមិខ្លាកូនថ្មីសង្កាត់កំពង់ស្វាយក្រុង សិរីសោភ័ណនិងជាប្រធានគណ:កម្មការវត្តគិរីធម្មបទខ្លាកូនថ្មីប្រាប់ថ្ងៃទី១៣ ខែកក្កដាថា ទោះស្ថិតក្នុងស្ថានភាពវិបត្តិសាកលនៃការរីករាលដាលជម្ងឺកូវីដ១៩ ជាង២ឆ្នាំកន្លងមកនេះ ក៏សប្បុរសជននិងពុទ្ធបរិស័ទឆ្ងាយជិតនៅតែបានធ្វើបុណ្យទាន និងមានសទ្ធាជ្រះថ្លាតាមលទ្ធភាពក្នុងការទ្រទ្រង់ព្រះសង្ឃ វត្តនិងការអភិវឌ្ឍន៍នៅបរិវេណវត្ត ក៏ដូចជាសហគមន៍ភូមិខ្លាកូនថ្មីនិងតាមទីសាធារណ:មួយចំនួន ។

លោកគី ប៊ុនធឿន បន្តថា៖ នោះមកពីប្រជាពលរដ្ឋ ពិសេសសប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយមានជំនឿមុតមាំលើព្រះពុទ្ធសាសនានិងដោយឡែកមានជំនឿលើការដឹកនាំរបស់ព្រះគ្រូចៅអធិការវត្ត អាចារ្យ គណៈ:កម្មការវត្ត ។ ជាពិសេសនោះ សមាគម LLCS នៅប្រទេសព្រុយណេតាមរយ:ព្រះឥន្ទមុនីវង្សាសំ វ៉ាន់ថា ព្រះរាជាគណ:ថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ទីប្រឹក្សាសម្តេចអគ្គមហាសង្ឃរាជ សុមេធាធិបតីទេព វង្សនិងជាព្រះចៅអធិការវត្តគិរីធម្មបទខ្លាកូនថ្មី ដែលមានទំនាក់ទំនងតាំងពីឆ្នាំ២០១៦ មក នៅតែបន្តជួយពីចម្ងាយមក ។

ចំណែកព្រះឥន្ទមុនីវង្សាសំ វ៉ាន់ថា មានសង្ឃដីកាប្រាប់ដែរថា៖ តាំងឆ្នាំ២០១៦ មកសមាគមLLCS ដែលកាន់ពុទ្ធសាសនាមហាយាននៅប្រទេសព្រុយណេ តាមរយ:ព្រះអង្គបានជួយដូចជា ១-ធ្វើផ្ទះជូនពលរដ្ឋក្រីក្រ ២-បានបន្តជួយបង្គោលនិងបន្ទះសូឡាភ្លើងបំភ្លឺចំនួន ១២៥ដើម ដែលដាំនៅបរិវេណវត្ត នៅតាមផ្លូវក្នុងភូមិខ្លាកូនថ្មី នៅសាលាបឋមសិក្សាសម្រស់កុមារ នៅវិទ្យាល័យហ៊ុនសែនខ្លាកូនជាដើម ៣- ជួយជាវរូបពុទ្ធបដិមារទ្រង់បាត្រដាក់សងខាងផ្លូវឡើងវត្តនិងនៅសាលាឆាន់លើភ្នំ ៤-ជួយថ្មមិចសម្រាប់ស្ថាបនាផ្លូវក្នុងភូមិចំណុះជើងវត្ត ៥-ជួយកសាងកុដិ ៦-រោងដាំបាយ និងសាលាសំណាក់ ការជួសជុលផ្លូវជណ្តើរឡើងវត្តជាដើម ។ ហើយឥឡូវនេះ វត្តនិងសប្បុរសជនបាននឹងកំពុងកសាងអគារនៃបន្ទប់ស្ទុតយោនិងការិយាល័យ តម្លើងអង់តែននៃវិទ្យុផ្សាយសម្លេងជនពិការភ្នែក សាខាខេត្តបន្ទាយមានជ័យដែលប្តូរទីតាំងផងដែរ ។

ព្រះគ្រូចៅអធិការវត្តបន្តថា ជាពិសេសទៅទៀតនោះ គឺសប្បុរសជនជិត ឆ្ងាយក្នុងប្រទេសបានបន្តជួយកសាងវត្តដូចជាលោកជំទាវហេមចិន្តាអគ្គមហាឧបាសិកាសាសនូបត្ថម្ភម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ជាដើម បានបន្តជួយឧបត្ថម្ភព្រះសង្ឃនិងកសាងវត្ត ។ ព្រះឥន្ទមុនីវង្សាសំ វ៉ាន់ថា បានថ្លែងអំណរព្រះគុណ អរគុណនិងសូមបិណ្ឌបាត្រដល់សមាគម សប្បុរសជននិងពុទ្ធបរិស័ទបន្តមានជំនឿជាក់លើព្រះពុទ្ធសាសនា ហើយជួយកសាង អភិវឌ្ឍន៍វត្តគិរីធម្មបទខ្លាកូនថ្មីនិងសហគមន៍បន្តទៀត ៕ដោយ៖ឃិន គន្ធា

ads banner