មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម សាទរ ចំពោះនិស្សិតជ័យលាភី ១ ៣១៩នាក់ ដែលទទួលសញ្ញាបត្រថ្នាក់បរិញ្ញារង បរិញ្ញា បសុវេជ្ជបណ្ឌិត និងបរិញ្ញាជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម
ភ្នំពេញ ៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញារង បរិញ្ញា បសុវេជ្ជបណ្ឌិត និងបរិញ្ញាជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម តាងនាមឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ឯកឧត្តម សេន សុវណ្ណ រដ្ឋលេខាធិការ បានចូលរួមអបអរសាទរ ចំពោះក្មួយៗនិស្សិតជ័យលាភីទាំង ១ ៣១៩ នាក់ ក្នុងនោះនារី៤២៨នាក់ ដែលទទួលសញ្ញាបត្រនាពេលនេះ ។
ឯកឧត្តម សេន សុវណ្ណ បន្តថា លទ្ធផលដែលយើងសម្រេចបាន គឺជាសក្ខីភាពនៃការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយនិស្សិត ទាំងអស់ ដែលបានព្យាយាមតស៊ូទ្រាំទ្ររាល់ការលំបាកគ្រប់បែបយ៉ាងអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ហើយផ្លែផ្កា ដែលយើងទទួលបាននេះ គឺជាស្ពាននៃការចម្លងខ្សែជីវិតរបស់ក្មួយៗ ដើម្បីមានលទ្ធភាពបន្តវិជ្ជាជីវៈ និងកសាងអនាគតភ្លឺ ស្វាងរបស់ក្មួយៗនាពេលខាងមុខប្រកបដោយកិត្តិយស និងសេចក្ដីថ្លៃថ្នូរ ដែលពិតជាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា កម្ពុជាយើងបាននិងកំពុងយកចិត្តទុកដាក់ពង្រឹង និងពង្រីកឥតឈប់ឈរ នូវសក្តានុពលធនធានមនុស្សប្រកបដោយសមត្ថភាពខ្ពស់ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយ៉ាងពិតប្រាកដ ។
ឯកឧត្តម ង៉ោ ប៊ុនថាន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម គូសបញ្ជាក់ថា បច្ចុប្បនេះ សាកលវិទ្យាល័យមានជម្រើសយុទ្ធសាស្រ្តចំនួន៥ ដែលត្រូវបានយកមកប្រតិបត្តិ គឺ ៖១. បង្កើត និងអនុវត្តន៍ កម្មវិធីវិនិយោគលើការសិក្សានិងស្រាវជ្រាវ តាមរយៈភាពជាដៃគូជាមួយវិស័យឯកជន ២. កសាងប្រព័ន្ធ និងកសាងព័ត៌មាន ពីលទ្ធផលដែលសម្រេចបាន ផ្សព្វផ្សាយដល់អតិថិជន រកទីផ្សារ ការគាំទ្រ និងការប្រកួតប្រជែង និងការកសាងកេរ្តិ៍ឈ្មោះ ៣. កសាង និងលើកទឹកចិត្តធនធានមនុស្ស បំពេញតម្រូវការតាមកម្មវិធីសិក្សា និងការស្រាវជ្រាវ ៤. ធ្វើទំនើបកម្មអង្គភាព ទាំងរចនាសម្ព័ន្ធ បច្ចេកវិទ្យា និងឧបករណ៍ ៥. ពង្រីកកម្មវិធីសិក្សា និង ផលិតផលស្រាវជ្រាវគំរូ ។
ឯកឧត្តមបន្តថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នាថ្ងៃនេះ ឯកឧត្តម ក៏បានបង្ហាញជូនគណៈអធិបតី នូវនិស្សិតជ័យលាភី ជំនាន់ទី ៣០ និង ៣១ ដែលបានបញ្ចប់ការសិក្សារបស់ខ្លួនដោយជោគជ័យ និងត្រូវទទួលសញ្ញាបត្រ មានចំនួនសរុប ១ ៣១៩ នាក់ (នារី ៤២៨ នាក់) ក្នុងនោះមាន និស្សិតថ្នាក់បរិញ្ញារងចំនួន ៥៨ នាក់(នារី ១៨ នាក់) ថ្នាក់បរិញ្ញាចំនួន ១២២២ នាក់ (នារី ៤០០ នាក់) ថ្នាក់បសុវេជ្ជបណ្ឌិតចំនួន ១៧ នាក់ (នារី ៦ នាក់) និង ថ្នាក់បរិញ្ញាជាន់ខ្ពស់ចំនួន ២២ នាក់ (នារី ០៤ នាក់) ។
ឯកឧត្តម សេន សុវណ្ណ ជឿជាក់ថា ក្មួយៗទាំង ១ ៣១៩ នាក់ ដែលនឹងទទួលសញ្ញាបត្រនេះ ប្រាកដជានឹងក្លាយទៅជាពលករនៃចំណេះដឹងដ៏ពិតប្រាកដ បម្រើដល់សង្គមរបស់យើង ជាជាងឱ្យសង្គមមកបម្រើក្មួយៗវិញ ហើយក្មួយៗនឹងរៀបចំខ្លួនជាបញ្ញាជនប្រកបដោយវិចារណញ្ញាណ និងសីលធម៌ល្អ ដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិយើង ហើយត្រូវចងចាំនូវបណ្តាំមរតករបស់តេជោសែន ដែលបានលើកឡើងថា “តម្លៃនៃការអប់រំ គឺនៅតែជាកត្តា ឬជា មធ្យោបាយសម្រាប់អភិវឌ្ឍបុគ្គលភាព និង អភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិជានិច្ច ៕ ប្រភព ៖ ក្រសួងកសិកម្ម ដោយ ៖ ជា សេឌី






