ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹង ប្រែង របស់សម្តេចតេជោ ក្នុងការរួមចំណែកជួយដល់មីយ៉ានម៉ា

ភ្នំពេញ៖ ឯកឧត្តម Daniel Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុក កិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលកំពុងតែបំពេញទស្សនកិច្ចនៅកម្ពុជា បានវាយតម្លៃ ខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជា របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ផ្ទាល់ ក្នុងការរួមចំណែក ជួយ ដល់មីយ៉ានម៉ាស្វែករកសន្តិភាព ស្ថិរភាព និងប្រក្រតីភាពឡើងវិញ។

ការវាយតម្លៃនេះ ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ កាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។ ឧបការីរដ្ឋមន្រ្តី ការបរទេសអាមេរិក បានសម្តែងការពេញចិត្តចំពោះលទ្ធផល ប្រកបដោយផ្លែផ្កា នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលត្រូវបាន ធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ប្រធានាធិបតី ចូ បៃឌិន និងសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឋានៈជាប្រធានអាស៊ាន នៅក្នុងឆ្នាំនេះ នារដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី កាលពីខែឧសភា កន្លងមកនេះ។

ឯកឧត្តមឧបការីរដ្ឋមន្រ្តីការបរទេស Daniel Kritenbrink បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ថា គោលបំណង នៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជា នៅក្នុងតួនាទីនាពេលបច្ចុប្បន្ននេះ គឺដើម្បីបង្ហាញអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកដើម្បីគាំទ្រចំពោះភាពជាប្រធាន អាស៊ាន របស់កម្ពុជា និងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា។

ឯកឧត្តមឧបការី ក៏បានពាំនាំនូវការអះអាងជាថ្មីរបស់ ឯកឧត្តមរដ្ឋមន្រ្តីការបរទេស Antony Blinken អំពីការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ជោគជ័យនៃភាពជាប្រធានអាស៊ានរបស់កម្ពុជា ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្តមឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកអំពីការវិវត្ត នៃស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ ដើម្បីអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) របស់ថ្នាក់ដឹកនាំអាស៊ាន ព្រមទាំងលទ្ធផលជាក់ស្តែងមួយចំនួន ដែលសម្រេចបាន រហូតមកដល់បច្ចុប្បន្ន ក្នុងគោលដៅខាងលើផងដែរ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងដោយត្រួសៗអំពីដំណើរទស្សនកិច្ចលើកទី២ របស់ឯកឧត្តមទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ ដោយសង្កត់ធ្ងន់អំពីវឌ្ឍនភាព ដែល សម្រេចបានក្នុងទស្សនកិច្ច ជាពិសេសគឺការជួបប្រជុំជាមួយ អង្គការប្រដាប់អាវុធជន ជាតិភាគតិច (EAOs) ចំនួន៧ និងគណបក្សនយោបាយចំនួន៧ ដែលទទួលបាន អាសនៈនៅក្នុងការបោះឆ្នោតឆ្នាំ២០២០។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកឧត្តមឧបការីរដ្ឋមន្រ្តីការបរទេស Daniel Kritenbrink បានពិភាក្សា អំពី ការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ ដែលក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីពេញចិត្តចំពោះកំណើនជាលំដាប់នៅក្នុងវិស័យ ពាណិជ្ជកម្មទ្វេភាគី និងបានរំលឹកឡើងវិញជាថ្មីអំពីការអំពាវនាវរបស់ ឯកឧត្តម ឱ្យបន្តផ្តល់ឡើងវិញដល់កម្ពុជានូវប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក ដើម្បីជាប្រយោជន៍នៃទំនាក់ទំនងផ្នែកសេដ្ឋកិច្ច។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បាន កោតសរសើរចំពោះជំនួយមនុស្សធម៌សហរដ្ឋអាមេរិក ដែលបានផ្តល់មកឱ្យកម្ពុជា រួមទាំង ការផ្តល់វ៉ាក់សាំង Pfizer និង Johnson & Johnson ជាង ៣លានដូស តាមរយៈយន្តការកូវ៉ាក់ (COVAX) ក៏ដូចជាជំនួយអភិវឌ្ឍលើវិស័យអប់រំ សុខាភិបាល កសិកម្ម បម្រែបម្រួល អាកាសធាតុ ការបោសសម្អាតមីន ជាដើម ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងនូវការខកចិត្តដែលកម្ពុជាត្រូវបានគេចាត់ទុកយ៉ាងអយុត្តិធម៌ថាជា «ប្រទេស ដែលមិនផ្តល់កិច្ចសហប្រតិបត្តិការ» ទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងការធ្វើមាតុភូមិនិវត្តន៍ ដែលនាំទៅដល់ការដាក់ការរឹតត្បិតទិដ្ឋាការចំពោះមន្រ្តីជាន់ខ្ពស់របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

នៅក្នុងក្របខ័ណ្ឌអាស៊ាន ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្ដមឧបការីរដ្ឋមន្ត្រីការបរទេស Daniel Kritenbrink បាន សម្តែងនូវការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-អាមេរិក កាន់តែស៊ី ជម្រៅបន្ថែមទៀត។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ឡើង វិញអំពីការគាំទ្ររបស់កម្ពុជាក្នុងការលើកកម្ពស់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អាមេរិក ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (CSP)។

ឯកឧត្ដមឧបការីរដ្ឋមន្ត្រីការបរទេស Daniel Kritenbrink បានថ្លែងអំណរគុណកម្ពុជាចំពោះការគាំទ្រនេះ និងបាន គូសបញ្ជាក់អំពីសារសំខាន់នៃការប្រកាសភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក នៅកម្ពុជា នាពេលខាងមុខ។ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្ដមឧបការីរដ្ឋមន្ត្រីការបរទេស Daniel Kritenbrink បានផ្លាស់ប្តូរទស្សនៈ និងកិច្ចពិភាក្សាអំពីការរៀបចំ និងបញ្ហាប្រឈមនានា នៅក្នុងកិច្ចប្រជុំ AMM លើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នាពេលខាងមុខ ព្រមទាំងដំណើរទស្សនកិច្ចរបស់ ឯកឧត្តមរដ្ឋមន្រ្ដីការបរទេសសហរដ្ឋអាមេរិក Antony Blinken មកចូលរួមសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (PMC) ជាមួយ សហរដ្ឋអាមេរិក កិច្ចប្រជុំរដ្ឋមន្រ្តីនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) លើកទី១២ និង កិច្ចប្រជុំវេទិកាតំបន់អាស៊ាន (ARF) លើកទី ២៩ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមឧបការីរដ្ឋមន្ត្រី Daniel Kritenbrink ក៏បានផ្លាស់ប្តូរទស្សនៈ និងពិភាក្សា លើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនទៀត ដែលជាកង្វល់ និងមានផលប្រយោជន៍រួមផងដែរ៕ ដោយ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner