ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ រាយការណ៍ពីវឌ្ឍនភាព និងសមិទ្ធផលថ្មីៗ ក្នុងវិស័យសិទ្ធិមនុស្សជូនវេទិកាអង្គការសហប្រជាជាតិ នៅហ្សឺណែវ

ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ដោយបញ្ជាក់ថា “កម្ពុជា រាយការណ៍ពីវឌ្ឍនភាព និងសមិទ្ធផលថ្មីៗ ក្នុងវិស័យសិទ្ធិមនុស្សជូនវេទិកាអង្គការសហប្រជាជាតិ នៅហ្សឺណែវ” នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បានបញ្ចប់សម័យប្រជុំលើកទី៥០ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ និងបានរៀបចំកិច្ចសន្ទនាអន្តរសកម្ម ជាមួយអ្នករាយការណ៍ពិសេស សរុបចំនួន២៣ និងវេទិកាពិភាក្សាចំនួន០៨ ព្រមទាំងបានអនុម័តសេចក្តីសម្រេចចិត្ត សរុបចំនួន២៣ ពាក់ព័ន្ធនឹងបញ្ហាតាមប្រធានបទ និងប្រទេសជាក់លាក់ ។

ក្នុងអំឡុងពេលកិច្ចប្រជុំរយៈពេល៤សប្តាហ៍ (ពីថ្ងៃទី១៣ ខែមិថុនា ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២) ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានចូលរួមទ្បើងថ្លែងបទអន្តរាគមន៍ សរុបចំនួន ២២លើក បង្ហាញពីវឌ្ឍនភាពនិងសមិទ្ធផលរបស់កម្ពុជា ក្នុងទិដ្ឋភាពបទដ្ឋានគតិយុត្ត និងការអនុវត្តជាក់ស្តែង ទៅតាមប្រភេទផ្សេងៗនៃសិទ្ធិមនុស្ស ក្នុងនោះក៏មានសេចក្តីថ្លែងការណ៍រួមរបស់អាស៊ានចំនួន៣ ផងដែរ។ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន សំដៅរួមចំណែកដោះស្រាយស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា ក៏ត្រូវបានរាយការណ៍ផងដែរ។ ខាងក្រោមនេះគឺជាខ្លឹមសារសំខាន់ៗ ដកស្រង់ចេញពីបទអន្តរាគមន៍របស់កម្ពុជា៖

“យុទ្ធសាស្ត្រផ្ការីក” របស់កម្ពុជាក្នុងការចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ ដោយឥតគិតថ្លៃ និងគ្មានការរើសអើង រួមទាំងអ្នកទោសនិងជនបរទេស បានសម្រេចនូវអត្រានៃការចាក់វ៉ាក់សាំងជាង៩៤% នៃចំនួនប្រជាជនសរុប។ កិច្ចអន្តរាគមន៍គាំពារសង្គមជាច្រើនជុំក៏ត្រូវបានផ្តល់ជូនដល់ពលរដ្ឋដែលជួបការលំបាក ក្រុមងាយរងគ្រោះ និងសហគ្រាសអាជីវកម្មដែលរងផលប៉ះពាល់ដោយការរាតត្បាតកូវីដ-១៩ ផងដែរ។ កម្ពុជាបាននិងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពី កិច្ចគាំពារសង្គម។

• អង្គការសហប្រជាជាតិ បានសាទរកម្ពុជា ចំពោះភាពរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការពង្រីកការគ្របដណ្ដប់ផ្នែកគាំពារសង្គម។ ចាប់តាំងពីការដាក់ចេញនូវ “ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម” ក្នុងឆ្នាំ២០១៦មក ជំនួយសង្គម និងរបបសន្តិសុខសង្គម ត្រូវបានពង្រីកយ៉ាងទូលំទូលាយ ដើម្បីធានាថា មិនមែនមានត្រឹមតែក្រុមងាយរងគ្រោះបំផុតប៉ុណ្ណោះទេ ប៉ុន្តែប្រជាជនកម្ពុជាដែលប្រឈមនឹងហានិភ័យនៃការធ្លាក់ចូលទៅក្នុងភាពក្រីក្រ ក៏ទទួលបានកិច្ចគាំពារ កាន់តែប្រសើរឡើងផងដែរ។

ការអប់រំតាមប្រព័ន្ធឌីជីថលរបស់កម្ពុជា ត្រូវបាននិងកំពុងបង្កើតឡើង សម្រាប់ការអប់រំទាំងក្នុងនិងក្រៅប្រព័ន្ធ។ ដើម្បីគាំទ្រដល់អាទិភាពនេះ អ៊ីនធឺណិតល្បឿនលឿននឹងត្រូវដាក់ឱ្យប្រើប្រាស់នៅតាមសាលារដ្ឋរាប់ពាន់កន្លែងនៅឆ្នាំ២០២៣។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់កំពូលនៅអាស៊ីអាគ្នេយ៍ និងទី៣ នៅអាស៊ី ជាប្រទេសដែលមានតម្លៃអ៊ីនធឺណិតតាមទូរស័ព្ទចល័តទាបបំផុត។ កម្ពុជាត្រូវបានគេព្យាករណ៍ថា នឹងមានអ៊ីនធឺណិតគ្រប់គ្រាន់នៅតាមភូមិ ឃុំ និងស្រុកដាច់ស្រយាល នៅឆ្នាំ២០២៧។

ជិត៨០% នៃចំនួនប្រជាជនកម្ពុជាសរុប គឺជាអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមយ៉ាងសកម្ម ដែលបញ្ចេញទស្សនៈរបស់ពួកគាត់ដោយសេរី អំពីកិច្ចការសាធារណៈ។ ការសម្តែង មតិរបស់ពួកគាត់ រួមទាំងមតិផ្ទុយ ត្រូវបានបន្លឺបន្ថែមទៀត តាមរយៈប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីនិងឌីជីថល ជិត២.០០០អង្គភាព ដែលកំពុងដំណើរការដោយគ្មានការត្រួតពិនិត្យជាមុន និងគ្មានការរឹតបន្តឹងឡើយ ហើយថែមទាំងត្រូវបានធានាដោយច្បាប់ស្តីពី របបសារព័ត៌មានទៀត។

ក្នុងឱកាសចូលរួមការពិនិត្យជាសកលតាមកាលកំណត់ (UPR) កម្ពុជាបានទទួលយកអនុសាសន៍មួយចំនួន ទាក់ទងនឹងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា (LGBTI)។ ដើម្បីលុបបំបាត់ការសម្លុតគម្រាម និងការរើសអើងក្នុងសង្គមនិងតាមកន្លែងការងារ ការអប់រំផ្លូវភេទ រួមទាំងបញ្ហាសមភាពយេនឌ័រ និងការស្រទ្បាញ់ភេទដូចគ្នា ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សានៅតាមសាលារៀន ព្រមទាំងយុទ្ធនាការលើកកម្ពស់ការយល់ដឹងជាសាធារណៈ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាតាមរយៈការអប់រំ ទាំងក្នុងនិងក្រៅប្រព័ន្ធ។

កម្ពុជាប្តេជ្ញាដាក់បញ្ចូលសេវាសុខភាពផ្លូវចិត្តទៅក្នុងកម្រិតផ្សេងៗគ្នានៃការថែទាំ នៅទូទាំងប្រព័ន្ធសុខាភិបាល ដោយផ្តោតលើការពង្រឹងការថែទាំសុខភាពបឋម ស្របតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក និងផែនការសកម្មភាពសកលសម្រាប់សុខភាពផ្លូវចិត្ត។

អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានកោតសរសើរកម្ពុជា ដែលបានដាក់បញ្ចូលទិដ្ឋភាពយេនឌ័របានយ៉ាងប្រសើរ ទៅក្នុងគោលនយោបាយជាតិទាំងអស់។ ចំនួនមន្ត្រីរាជការជាស្ត្រីបានកើនឡើងដល់ជិត៥០% ដែលក្នុងនោះមាន ២៦% កំពុងកាន់តួនាទីសម្រេចចិត្ត ខណៈចំនួនម្ចាស់អាជីវកម្មជាស្ត្រីបានកើនឡើងដល់ ៦១% នៅទូទាំងប្រទេស។ ក្នុងវិស័យសន្តិភាពនិងសន្តិសុខវិញ កម្ពុជាជាប់ចំណាត់ថ្នាក់ទី១៣ ក្នុងចំណោមប្រទេស១២២ និងចំណាត់ថ្នាក់លេខ២ ក្នុងអាស៊ាន ដែលបានបញ្ជូនកងរក្សាសន្តិភាពជាស្ត្រី ក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ប្រទេសកម្ពុជា គឺជារដ្ឋមួយក្នុងចំណោមរដ្ឋលេចធ្លោ ដែលបានផ្តល់សច្ចាប័នលើអនុសញ្ញា មូលដ្ឋាននានារបស់អង្គការអន្តរជាតិខាងការងារ រួមមានអនុសញ្ញាស្តីពី អាយុអប្បបរមា និងអនុសញ្ញាស្តីពី ការហាមឃាត់ទម្រង់អាក្រក់បំផុតនៃពលកម្មកុមារ។ នៅឆ្នាំ២០២១ យុទ្ធនាការសរុបជាង១០០ ស្តីពីពលកម្មកុមារ ត្រូវបានធ្វើឡើង នៅតាមប្រភេទកន្លែងធ្វើការផ្សេងៗគ្នា ដោយមានការចូលរួមពីនិយោជិត និយោជក និងឪពុកម្តាយ សរុបជិត ៣.០០០នាក់។

កម្ពុជាគាំទ្រការអំពាវនាវឱ្យបង្កើនសកម្មភាពកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការបន្សាំក្នុងតំបន់ ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពី ការប្រែប្រួលអាកាសធាតុ ស្របតាមគោលការណ៍ “ជាបញ្ហារួម ប៉ុន្តែការអនុវត្តផ្សេងៗគ្នា ទៅតាមការទទួលខុសត្រូវនិងសមត្ថភាពរៀងៗខ្លួន” ។ ធនាគារជាតិនៃកម្ពុជា បានអនុម័តគោលនយោបាយ ដែលដាក់ចេញនូវក្រមសីលធម៌សម្រាប់ការផ្តល់ប្រាក់កម្ចីហានិភ័យទាប ដល់សកម្មភាពរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ ។

ការអនុវត្តសេរីភាពនៃការបញ្ចេញមតិ ការបង្កើតសមាគម និងការប្រមូលផ្តុំដោយសន្តិវិធី ត្រូវប្រកាន់ខ្ជាប់នូវករណីយកិច្ច ទំនួលខុសត្រូវ និងការកំហិតជាពិសេសដែលកំណត់ដោយច្បាប់ ដូចមានចែងក្នុងមាត្រា១៩ (៣) មាត្រា២១ និងមាត្រា២២ (២) នៃកតិកាសញ្ញាអន្តរជាតិស្តីពី សិទ្ធិពលរដ្ឋ និងនយោបាយ។ មនុស្សគ្រប់រូប រួមទាំងបុគ្គលដែលតាំងខ្លួនជាអ្នកការពារសិទ្ធិមនុស្ស មានកាតព្វកិច្ចអនុវត្តសិទ្ធិរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវក្នុងរង្វង់ព្រំដែននៃច្បាប់។

ប្រទេសកម្ពុជាចូលរួមជាមួយគណៈប្រតិភូជាច្រើនដទៃទៀត អំពាវនាវសាជាថ្មីឱ្យការិយាល័យ ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ធ្វើការប្រកបដោយយុត្តិធម៌ និងមិនធ្វើនយោបាយូបនីយកម្ម ដោយឈរលើគោលការណ៍នៃសកលភាព ភាពមិនលម្អៀង សត្យានុម័ត និងមិនជ្រើសរើសតែមួយជ្រុង ព្រមទាំងចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយស្ថាបនា ផ្អែកលើប្រភពព័ត៌មានដែលមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ និងកិច្ចសហប្រតិបត្តិការពិតប្រាកដ។

ក្នុងសម័យប្រជុំលើកទី៥០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ កម្ពុជាក៏បានចូលឈ្មោះជាប្រទេសផ្តួចផ្តើម (co-sponsor) លើសេចក្តីថ្លែងការណ៍រួមចំនួន១០ ពាក់ព័ន្ធនឹងប្រធានបទស្តីពី ការលើកកម្ពស់ពហុភាគីនិយម គ្រួសារនិងតុល្យភាពការងារ ជំនួយបច្ចេកទេស ការប្រែប្រួលអាកាសធាតុ ការផ្សារភ្ជាប់បច្ចេកវិទ្យាទៅនឹងអភិបាលកិច្ចល្អ សិទ្ធិស្ត្រី ជាដើម៕ ដោយ ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner