ឆេះរោងកម្មករ សំណង់ មួយកន្លែង បណ្តាលឱ្យឆេះខូចខាតអស់ ១០បន្ទប់ទាំងស្រុង នៅខណ្ឌចំការមន
ភ្នំពេញ ៖ គ្រោះអគ្គិភ័យ ឆ្លងចរន្តអគ្គិសនីឆេះរោងកម្មករ សំណង់ របស់ក្រុមហ៊ុន ហួង សាន អ៉ីនធេីណេសិនណលមួយកន្លែង បណ្តាលឱ្យឆេះខូចខាតចំនួន ១០បន្ទប់ស្នាក់នៅអស់ទាំងស្រុង តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៤៥នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវចៃកា នៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកម្មករសំណង់ស្នាក់នៅទីនោះបានឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់ បានឃើញអណ្ដាតភ្លើងឆាបឆេះ និងមានផ្សែងហ៊ុយយ៉ាងខ្មួលខ្មាញ់ ចេញពីរោងស្នាក់នៅរបស់កម្មករសំណង់ ដែលជារបស់ក្រុមហ៊ុន ហួង សាន អ៉ីនធេីណេសិនណល ដោយសង្ស័យថា ឆ្លងចរន្តអគ្គិសនី ទើបបង្ករឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនក្រុមកម្មករផ្សេងទៀត បានរត់ចេញស្រែកឆោឡោអោយជួយយកទឹកមកជះ និងពន្លត់ តែដោយសារភ្លើងឆាបឆេះលឿនពេក ទើបស្ថានការមិនអាចគ្រប់គ្រង់បាន រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ទីតាំងកើតហេតុភ្លាមៗតែម្តង។ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការទាក់ទងទៅខាងការិយាល័យជំនាញបង្ការ និងពន្លត់អគ្គិភ័យ ចេញរថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង មកគោលដៅភ្លាមៗ ដើម្បីចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់។
សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ក្នុងករណីគ្រោះអគ្គិភ័យនេះ បានឆាបឆេះរោងស្នាកនៅកម្មករសំណង់ ដែលជារបស់ក្រុមហ៊ុន ហួង សាន អ៉ីនធេីណេសិនណល បណ្តាលឱ្យឆេះខូចខាតអស់ចំនួន ១០បន្ទប់ស្នាក់នៅអស់ទាំងស្រុង រួមទាំងសម្ភារៈប្រើប្រាស់អស់មួយចំនួន តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ និងមិនបណ្តាលឱ្យឆាបឆេះរាលដាលទៅកន្លែងផ្សេងនោះឡើយ។
ក្នុងប្រតិបត្តិការជួយសង្រ្គោះនេះ គេសង្កេតគេឃើញមានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន បានសហការជាមួយសមត្ថកិច្ចមូលដ្ឋាន និងខាងជំនាញសង្រោះ និងពន្លត់អគ្គិភ័យ ហើយក៏រថយន្តពន្លត់អគ្គិភ័យរបស់កោះពេជ្រ បានចុះមកដល់ទីតាំងដែលកំពុងតែឆាបឆេះ យ៉ាងសន្ធោសន្ធៅ មកជួយអន្តរាគមន៍ចំនួន ២គ្រឿង ដើម្បីធ្វើការបាញ់ទឹកពន្លត់ឱ្យរលត់ទៅវិញជាស្ថាពរផងដែរ៕ ដោយ ៖ ឆៃហួត





