បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបើករថយន្តយ៉ាងលឿនទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរថយន្តខ្ទេចមួយកំណាត់មុខ
ភ្នំពេញ ៖ បុរសម្នាក់សង្ស័យតែស្រវឹងខ្លាំងបានបើករថយន្តកាមរីបាឡែនយ៉ាងលឿនជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញ ទំហឹងបណ្តាលឱ្យខូចខាតជាច្រើនកង់ចំណែករថយន្តខ្ទេចមួយកំណាត់មុខទាំងស្រុង បង្កឡើងកាលពីវេលាម៉ោង២៖៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តម៉ាកតូយ៉ូតាកាមរីបាឡែនពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2S-1561តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន លុះមកដល់ត្រង់ចំណុចកើតហេតុក៏បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្តាលឱ្យខូចខាតជាច្រើនកង់ ចំណែករថយន្តខ្ទេចមួយកំណាត់មុខទាំងស្រុង តែសំណាងល្អនៅក្នុងហេតុការណ៍នេះមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។ ក្រោយកើតហេតុអ្នកបើករថយន្តបានបើកទ្វាររត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ។
ក្រោយកើតហេតុសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍បានចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ដោយ ៖ ជីម ភារ៉ា





