ក្រុមការងារចុះជួយឃុំពពេល បន្តនាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន៣ ក្នុងមូលដ្ឋានរបស់ខ្លួន
ត្បូងឃ្មុំ៖ ឯកឧត្ដម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំពពេល ស្រុកពញាក្រែក នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ បាននាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យទានជាច្រើនមុខ វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធមណ្ឌលវត្តចំនួន០៣ គឺវត្តស្រះ វត្តស្ទឹង និងវត្តពពេល ស្ថិតក្នុង ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ក្នុងពិធីប្រគេនទៀនព្រះវស្សា បច្ច័យ និងទេយ្យទាន ត្រូវបានធ្វើឡើងតាមលំអានព្រះពុទ្ធសាសនា ក្នុងនោះក៏មានការសូត្រមន្តប្រោសព្រំប្រសិទ្ធពរជ័យ ជូនឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដែលបានអញ្ជើញចូលរួមផងដែរ។
ក្នុងឱកាសនោះ ឯកឧត្ដម កែវ ពិសិដ្ឋ បានធ្វើការសំណេះសំណាលសួរសុខទក្ខ ព្រមទាំងអំពាវនាវដល់លោកតាលោកយាយ បងប្អូនប្រជាពលរដ្ឋ បន្តរួមគ្នាជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការថែរក្សាការពារសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល ទាំងវិស័យពុទ្ធចក្រ និងអណាចក្រ ពិសេសថែរក្សាសន្តិភាពឱ្យបានគង់វង្សទាំងអស់គ្នា ទោះត្រូវចំណាយតម្លៃណាក៏ដោយ ពោលគឺ «ប្រសិនបើគ្មានសុខសន្តិភាពទេនោះ ក៏គ្មានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះដែរ»។
ឯកឧត្ដម កែវ ពិសិដ្ឋ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំពពេល ស្រុកពញាក្រែក បានលើកឡើងថា រយៈពេលចុងក្រោយនេះជម្ងឺកូវីដកូវីដ-១៩ចាប់ផ្តើមរកឃើញជាបន្តបន្ទាប់ ហើយ សម្តេចតេជោ ហ៊ុន សែន គឺតែងតែគិតគូរពីសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ គឺបានផ្តល់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ ដោយឥតថ្លៃ និងបានផ្សព្វផ្សាយណែនាំអប់រំដល់បងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយត្ន៍ខ្ពស់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តន៍វិធានសុខាភិបាល បីកុំ និង បីការពារ ឲ្យបានខ្ជាប់ខ្ជួន ។
សូមបញ្ជាក់ថា៖ ទៀនព្រះវស្សានិងគ្រឿងឧបភោគ បរិភោគ ដែលឯកឧត្តម កែវ ពិសិដ្ឋ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំពពេល ស្រុកពញាក្រែក នាំយកទៅវេរប្រគេនវត្តទាំង០៣ រួមមានវត្តស្រះ វត្តស្ទឹង និងវត្តពពេល ក្នុងមួយៗវត្ត ទទួលបានទៀនវស្សា១គូ សាដក អង្ករ មី ទឹកក្រូច ទឹកសុទ្ធ ទឹកដោះគោ ស្ករស តែ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ អំបិល និងបច្ច័យផងដែរ ៕ ដោយ ហេង សម្បត្តិ









