សាលាឆាន់វត្តស្រះម្កាក់ ឃុំអូរតាប៉ោងស្រុកបាកាន ដែលទើបសាងសង់រួចអស់ថវិកា ១៣ម៉ឺន០៥ពាន់ដុល្លារ ត្រូវបានសម្ភោធឆ្លងដាក់ឱ្យប្រើប្រាស់ក្នុងវិស័យព្រះពុទ្ធសាសនា

ខេត្តពោធិ៍សាត់ ៖ ថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២២ នៅវត្តសិរីពោធិ៍មង្គលហៅវត្តស្រះម្កាក់ ស្ថិតក្នុងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ មានពិធីសម្ភោធសាលាឆាន់មួយខ្នងដែលទើបសាងសង់រួច ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព លោក ផាយ ឡេង អភិបាលនៃគណៈអភិបាលស្រុកបាកាន ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទជាច្រើនទៀត។

លោកស្រី ម៉េង ឆុន ប្រធានក្រុមប្រឹក្សា និងជាមេឃុំអូរតាប៉ោងដែលទើបជាប់ឆ្នោតថ្មីបានឲ្យដឹងថា វត្តស្រះម្កាក់នេះករកើតឡើងនៅឆ្នាំ១៩៣៧ដែលពីមុនមានឈ្មោះថា វត្តបឹងថ្មវែង ប៉ុន្តែត្រូវរលាយខ្ទេចខ្ទីរអស់ដោយសារបបបនប្រល័យពូជសាសន៍ប៉ុលពត ដូចវត្តដទៃទៀតដែរ។ វត្តនេះបានចាប់ផ្ដើមកសាងឡើងវិញនៅឆ្នាំ១៩៨០ គឺក្រោយថ្ងៃរំដោះ០៧មករាឆ្នាំ១៩៧៩។ មកដល់ពេលនេះមានការរីកចម្រើនច្រើនដោយមានការចូលរួមកសាងពីសម្ដេចតេជោ ហ៊ុន សែន នូវទឹកប្រាក់ចំនួន ១០លានរៀល,សម្ដេចក្រឡាហោម ស ខេង ស៊ីម៉ងត៍ ២០តោន ថវិកា ០៣លាន០២សែនរៀល,ឯកឧត្តម ស៊ុយ សែម និងលោកជំទាវ ស៊ីម៉ងត៍ ០៥តោន ថវិកា ៩៥០ដុល្លារ ម៉ាស៊ីនភ្លើង ឌីណាម៉ូ និងមីក្រូមួយឈុត, ឯកឧត្តម អ៊ុង សាមី អតីតអភិបាលខេត្តពោធិ៍សាត់ ស៊ីម៉ងត៍ ១០តោន ថវិកា ០៤លាន៨០ម៉ឺនរៀល ព្រមទាំងសប្បុរសជនមួយចំនួនទៀត។ សមិទ្ធផលសាលាឆាន់ដែលធ្វើពិធីសម្ភោធនៅថ្ងៃនេះ ចាប់ផ្ដើមកសាងនៅឆ្នាំ២០១៧ ទើបតែបញ្ចប់នៅខែតុលាឆ្នាំ២០២០ មានបណ្ដោយប្រវែង ៣០ម៉ែត្រ ទទឹង២៥ម៉ែត្រ កម្ពស់ ១២ម៉ែត្រ ចំណាយថវិកាអស់ ១៣ម៉ឺន០៥ពាន់ដុល្លារ ក្នុងនោះក្រុមគ្រួសារលោក ថាច់ សាញ់សារី ហៅអាចារ្យនី ១២៥០០ ដុល្លារ ។

លោក ផាយ ឡេង អភិបាលនៃគណៈអភិបាលស្រុកបាកាន បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះព្រះចៅអធិការ គណៈកម្មការអាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្តស្រះម្កាក់ទាំងអស់ ដែលបានរូបរួមគ្នាកសាងបាននូវសាលាឆាន់ដ៍ធំនេះឡើង ដើម្បីទុកប្រើប្រាស់ក្នុងវិស័យព្រះពុទ្ធសានា នាពេលបច្ចុប្បន្ននិងទៅអនាគត។ សាលាឆាន់នេះកើតឡើងបានដោយសារប្រទេសមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះយើងត្រូវរួមគ្នាថែរក្សាសន្តិភាពឲ្យនៅគង់វង្សជានិច្ច ដើម្បីផ្ដល់ឱកាសឲ្យរាជរដ្ឋាភិបាលបន្តអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនថែមទៀត។ លោក ផាយ ឡេង សូមឲ្យពុទ្ធបរិស័ទប្រើប្រាស់និងជួយថែរក្សាសាលាឆាន់នេះឲ្យបានល្អ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំដាក់ឆ័ត្រលក់ដូរលើចិញ្ចើមផ្លូវជាតិលេខ៥ដែលជាកន្លែងសម្រាប់អ្នកថ្មើរជើង,អប់រំកូនចៅកុំឲ្យជក់គ្រឿងញៀននិងជក់បារីអេឡិចត្រូនិច, កុំលេងល្បែងស៊ីសង បន្តការពារជំងឺកូវីដ១៩ និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ជាមួយគ្នានេះលោកអភិបាលស្រុកក៍បានអរគុណដល់គណបក្សនយោបាយទាំងអស់ ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ ដែលយើងទទួលយកបានទាំងអស់គ្នា ៕ ដោយ ៖ ចេង ពុំ

ads banner