មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និង អង្កការ Rock Foundation Cambodia ចុះចែកអំណោយជូនប្រជាពលរដ្ឋ ២៥០គ្រួសារ រស់នៅឃុំបន្ទាយស្ទោង

ខេត្តកំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និង លោក ប្រេត មេតលីន ប្រធានអង្គការ Rock Foundation Cambodia រួមទាំងមេភូមិ មេឃុំ បានអញ្ជើញចែក អំណោយជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត ចំនួន ២៥០គ្រួសារ នៅក្នុងបរិវេណនៅវត្តពោធិ៍រោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២.។

លោក សូត្រ អុល ប្រធានក្រុមប្រឹក្សាឃុំបន្ទាយស្ទោង បានឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋ ដែលមកទទួលអំណោយមាន ៦ភូមិ ក្នុងនោះមានភូមិបន្ទាយស្ទោង ៥០គ្រួសារ ភូមិស្រោមដែក ៥០គ្រួសារ ភូមិស្លាករ ៥០គ្រួសារ ភូមិឈើទាល ៤០គ្រួសារ ភូមិកុកគ្រួស ៣៥គ្រួសារ និងគោកសណ្តែក ២៥គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២០គ.ក មីមួយកេស ត្រីខមួយយួរ។

លោក ប្រេត មេតលីន ប្រធានអង្គការ Rock Foundation Cambodia បានឲ្យដឹងថា លោកបានមករស់នៅក្នុងប្រទេសកម្ពុជា១៤ឆ្នាំហើយ ក្នុងពេលនេះរាជរដ្ឋាភិបាលកម្ពុជា បានមានចិត្តសណ្តោសប្រណីដល់រូបលោក និងបានផ្តល់សញ្ញាតិខ្មែរជូនលោកផងដែរ ចំណែកសកម្មភាពមនុស្សធម៌នៅក្នុងប្រទេសកម្ពុជាកន្លងមក បានសហការជាមួយអាជ្ញាធរ ចុះជូយប្រជាពលរដ្ឋ ដូចជាជំនួយស្បៀងអាហារ.អណ្តូងទឹក សម្រាប់ជូនប្រជាពលរដ្ឋប្រើប្រាស់ ក្នុងសហគមន៍ រួមទាំងអំណោយផ្សេងៗ និងបន្តជួយជាបន្តបន្ទាប់ទៀត តាមការសំណូមពររបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងវិស័យមនុស្សធម៌។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង បានថ្លែងអំណរគុណ លោកប្រេតមេតលីន ប្រធានអង្គការ ដែលបានចូលរួមជួយឧបត្ថម្ភ និងជួយជាបន្តបន្ទាប់ដល់ ប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត ដែលជាការចូលរួមចំណែកដ៏ធំធេង ជាមួយរាជរដ្ឋាភិបាល ក្នុងការជួយដោះស្រាយដល់ប្រពលរដ្ឋដែលមានការខ្វះខាត។

ឧត្តមសេនីយ៍ទោ សោម ស៊ុន អំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋអញ្ជើញទៅចាក់វ៉ាក់សាំង ការពារជំងឺកូវីដ 19 តាមដូសនីមួយៗ ដែលមិនទាន់បានចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ដើម្បីការពារអាយុជីវិត ពីជម្ងឺឆ្លងដ៏កាចសាហាវនេះ និងសុំឲ្យបងប្អូនថែរក្សា សុខភាពឲ្យបានល្អ ក្នុងរដូវភ្លៀងធ្លាក់នេះកុំឱ្យមានជម្ងឺរាករូសជាដើម ៕
ដោយ ប៊ុន រដ្ឋា

ads banner