អតីតមន្ដ្រី ACU ម្នាក់ ត្រូវបានតុលាការ កាត់ទោសដាក់ពន្ធនាគារ ២ឆ្នាំ ពាក់ព័ន្ធប្រព្រឹត្តអំពើពុករលួយ

ភ្នំពេញ ៖ អតីតមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយម្នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារ កំណត់ ២ឆ្នាំ ប៉ុន្ដែត្រូវអនុវត្តទោស ៦ខែប៉ុណ្ណោះ ដោយទោសនៅសល់ត្រូវព្យួរ។

អតីតមន្ដ្រីអង្គភាពប្រឆាំងអំពើពុករលួយនេះឈ្មោះ ទូច ទិត្យវឌ្ឍនា អាយុ ២៧ឆ្នាំ ត្រូវផ្ដន្ទាទោសាតាមបញ្ញត្តិមាត្រា៥៩២ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ។

បើតាមមន្ដ្រី បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកមកប្រកាស ដោយមានលោក សុង ប៊ុណ្ណារិទ្ធិ ជាចៅក្រមជំនុំជម្រះ និងលោក ចែ សុង ជាតំណាងអយ្យការ។

សូមរំលឹកថា អង្គភាពប្រឆាំងអំពើពុករលួយ បានសម្រេច បញ្ជូនមន្រ្តីខ្លួនម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២កន្លងទៅ ក្រោយពីរកឃើញថា មន្រ្តីរូបនេះ មានការជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។

យោងតាមសេចក្តីប្រកាសរបស់អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា ក្រុមស៊ើបអង្កេតផ្ទៃក្នុង នៃអង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើការប្រមូលព័ត៌មានភស្តុតាងជាបន្តបន្ទាប់ ព្រមទាំងស្ដាប់ចម្លើយរបស់ឈ្មោះ ទូច ទិត្យវឌ្ឍនា អាយុ ២៧ឆ្នាំ មន្ត្រីនាយកដ្ឋានកិច្ចការគតិយុត្តពាក្យប្តឹង និងអន្ដរជាតិរួចមកអង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញថា ជនរូបនេះ បានជាប់សង្ស័យ បានប្រព្រឹត្តិល្មើស ដែលបញ្ញត្តិក្នុងមាត្រា៥៩២ (បទវីតិក្រុម) នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។

សូមបញ្ជាក់ថា បុគ្គល ទូច ទិត្យវឌ្ឍនា បានប្រើប្រាស់វិធីនានា ក្នុងពេលដែលខ្លួនកំពុងទទួលខុសត្រូវទទួលពិនិត្យពាក្យប្តឹង ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួនខុសច្បាប់ ហើយពេលដែលខ្លួនត្រូវបញ្ឈរជើងផ្អាកការងារហើយក្តី ក៏ឈ្មោះនេះ មិនបានបញ្ឈប់សកម្មភាពខុសច្បាប់របស់ខ្លួន ហើយទាញយកផលប្រយោជន៍ពីពាក្យប្ដឹង ដែលខ្លួនមិនទទួលបន្ទុកទៀតផង។ អង្គភាពប្រឆាំងអំពើពុករលួយ បានលើកទឹកចិត្តដល់សាធារណជន ចូលរួមផ្ដល់ព័ត៌មានមកអង្គភាពប្រឆាំងអំពើពុករលួយជាបន្ទាន់ ក្នុងករណី ដែលមានជនខិលខូចណាម្នាក់ អះអាងថាខ្លួន អាចប្រើប្រាស់តួនាទីរបស់ខ្លួន ជាមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីជួយសម្រួលដល់កិច្ចការល្មើសច្បាប់ណាមួយ៕ ដោយ ៖ ឆៃហួត និងប៊ុនធី

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner