រដ្ឋមន្រ្តីក្រសួងយុត្តិធម៌៖ វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០គឺដើម្បី បំពេញបន្ថែមចំពោះរដ្ឋធម្មនុញ្ញ និងដើម្បីការពារ ឧត្តមប្រយោជន៍ជាតិ
ភ្នំពេញ៖ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០គឺ ដើម្បីបំពេញចន្លោះខ្វះខាតរដ្ឋធម្មនុញ្ញហើយអ្វីដែលសំខាន់នោះគឺបំពេញបន្ថែមចំពោះរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ និងដើម្បីការពារ ឧត្តមប្រយោជន៍របស់ជាតិ។ នេះជាការបញ្ជាក់ពីរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ។
ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២២ នាទីស្តីការក្រសួងយុត្តិធម៌ឯកឧត្តម កើត រិទ្ធ បានបញ្ជាក់ឱ្យដឹង ថាកន្លងមកកម្ពុជាបានធ្វើវិសោធនកម្មទាំង លើកទី១ រហូតដល់លើក ទី៩ គឺគ្មានអ្វីក្រៅពីការធ្វើឡើងបំពេញចន្លោះខ្វះខាតរដ្ឋធម្មនុញ្ញ និងទី២ ដើម្បីធានាការពារនូវឧត្តមប្រយោជន៍របស់ជាតិទេ។ការពារ គឺធានាឲ្យស្ថាប័ន កំពូលរបស់ជាតិជាពិសេសអំណាចនីតិប្រតិបត្តិដែល មានបេសកម្មចមបងងក្នុងការដឹកនាំកិច្ចការទូទៅរបស់រដ្ឋឲ្យដំណើរប្រតិបត្តិទៅដោយរលូន និងប្រកបដោយនិរន្តភាព។
ទាក់ទិនទៅនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះដែរត្រូវបានឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌បញ្ជាក់ថាត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញបញ្ជាក់ថាគឺមិនបាន មិនប៉ះពាល់ដល់បម្រាមហាមឃាត់ដោយ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាទេ ជាពិសេសនោះមិនប៉ះពាល់ ដល់ប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋ ធម្មនុញ្ញឡើយ។
ឯកឧត្តមរដ្ឋមន្រ្តី កើត រិទ្ធបានបញ្ជាក់បន្ថែមថា ចំពោះសំណើរធ្វើ វិសោធនកម្មលើកទី១០នេះបានពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មលើមាត្រាចំនួន៨ក្នុងនោះមាន៖មាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា ៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី និងច្បាប់ ធម្មនុញ្ញ បន្ថែម សំដៅ ធានានូវដំណើការជាប្រក្រតីនូវស្ថាប័នជាតិ ចំនួន២មាត្រា គឺមាត្រា៣ថ្មី និងមាត្រា៤ថ្មី។
គួរបញ្ជាក់ដែរថា វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ទាក់ទងទៅ នឹងមាត្រាមួយចំនួន អំពីការតែងតាំងនាយករដ្ឋមន្ត្រី និងដំណើរការ ក្នុងរដ្ឋសភា៕


