អ៊ីរ៉ង់ប្តេជ្ញាថា នឹងឆ្លើយតបយ៉ាងតឹងរ៉ឹងចំពោះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដែលបង្កអសន្តិសុខ

តេហេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី ថ្លែងថា ប្រទេស របស់លោកនឹងមានការឆ្លើយតបយ៉ាងធ្ងន់ធ្ងរ និងគួរឱ្យសោកស្តាយ ចំពោះកំហុសណាមួយ ដែលបានប្រព្រឹត្តដោយសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តរបស់ខ្លួន។

ការអះអាងបែបនេះរបស់លោក រ៉ៃស៊ី កើតឡើងនៅពេល ដែល ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងនាយករដ្ឋមន្ត្រី អ៊ីស្រាអែលលោក យ៊ែរ ឡាភីដ បានចុះហត្ថលេខាលើការសន្យា រួមគ្នាមួយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីបដិសេធអ៊ីរ៉ង់ពីការ មានអាវុធនុយក្លេអ៊ែរ។

ទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA របស់អ៊ីរ៉ង់បានចេញផ្សាយថា លោក រ៉ៃស៊ី បានស្តីបន្ទោសសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់របស់ខ្លួន ចំពោះការបង្កអស្ថិរភាពនៅក្នុងតំបន់។ លោក រ៉ៃស៊ី បាននិយាយក្នុង អំឡុងសុន្ទរកថាមួយថាប្រជាជាតិដ៏អស្ចារ្យរបស់អ៊ីរ៉ង់នឹងមិនទទួលយកភាពអសន្តិសុខ ឬវិបត្តិនៅក្នុងតំបន់ទេ ហើយអាមេរិក និងសម្ព័ន្ធមិត្ត គួរតែដឹងថាកំហុសណាមួយនឹងត្រូវបានឆ្លើយតបដោយការឆ្លើយតបដ៏ឃោរឃៅ និងគួរឱ្យសោកស្តាយពីអ៊ីរ៉ង់។

គួរបញ្ជាក់ថា ទាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានសម្តែង ការព្រួយបារម្ភជាយូរមកហើយ អំពីសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ តែទោះបីជាយ៉ាងណា អ៊ីរ៉ង់បានទទូចថា ខ្លួនមិនដែលមានមហិច្ឆតា បង្កើតគ្រាប់បែកនុយក្លេអ៊ែរនោះទេ៕
ប្រភព៖ Aljazeera ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner