សហរដ្ឋអាមេរិក-អ៊ីស្រាអែលចុះហត្ថលេខាលើសេចក្តីប្រកាស រួមគ្នាប្រឆាំងនឹងអ៊ីរ៉ង់
យេរូសាឡឹម៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិននិងនាយករដ្ឋមន្ត្រី អ៊ីស្រាអែលលោក យ៊ែរ ឡាភីដ បានរំលឹកឡើងវិញនូវជំហរប្រឆាំងអ៊ីរ៉ង់ នៅក្នុងសេចក្តីប្រកាសរួមមួយ ដែលប្តេជ្ញាការពារទីក្រុងតេហេរ៉ង់ ពីការទទួលបានអាវុធនុយក្លេអ៊ែរ។ មេដឹកនាំទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ខាងលើនេះ បន្ទាប់ពីបានបើកកិច្ចប្រជុំមួយទល់មួយនៅព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅទីក្រុងយេរូសាឡឹមខាងលិច នៅថ្ងៃទីពីរនៃដំណើរ ទស្សនកិច្ច នៅតំបន់មជ្ឈិមបូព៌ារយៈពេលបួនថ្ងៃរបស់លោក ចូ បៃដិន។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីការចុះហត្ថលេខានេះ ទាំងលោក បៃដិន និងលោក ឡាភីដ បាននិយាយអំពីការគាំទ្រ របស់ពួកគេ ចំពោះទំនាក់ទំនងរវាងអាមេរិក-អ៊ីស្រាអែល និង ការគំរាមកំហែងពីប្រទេសអ៊ីរ៉ង់។ លោក ឡាភីដ ថ្លែងថា មធ្យោបាយ តែមួយគត់ដើម្បីបញ្ឈប់នុយក្លេអ៊ែរអ៊ីរ៉ង់ នោះគឺអ៊ីរ៉ង់ដឹងច្បាស់ថា ពិភពលោកសេរីនឹងប្រើកម្លាំង។
ជាមួយគ្នានេះ លោក បៃដិន បាននិយាយថា លោកជឿជាក់ថា ការទូតគឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការរារាំងប្រទេសអ៊ីរ៉ង់ ពីការសម្រេចបាននូវអាវុធនុយក្លេអ៊ែរ ប៉ុន្តែបានរំលឹក ឡើងវិញ នូវអ្វីដែលលោកបានបញ្ជាក់ថា គឺជាការធានា ដើម្បីផ្តល់សន្តិសុខ សម្រាប់អ៊ីស្រាអែល។
បើតាមសេចក្តីថ្លែងការណ៍ សហរដ្ឋអាមេរិកនឹងប្រើប្រាស់ធាតុទាំងអស់ នៃអំណាចជាតិដែលមានសម្រាប់ខ្លួន ដើម្បីបដិសេធអ៊ីរ៉ង់នូវ សមត្ថភាពក្នុងការបំពាក់អាវុធនុយក្លេអ៊ែរ។ សេចក្តីប្រកាសរួមក៏រួមបញ្ចូលការសន្យារបស់សហរដ្ឋអាមេរិក ក្នុងការបន្តជំនួយយោធាដល់អ៊ីស្រាអែលផងដែរ៕
ប្រភព៖ Aljazeera ប្រែសម្រួល៖ ទីណា និងបុត្រា




