ការស៊ើបអង្កេត ឧក្រិដ្ឋកម្មសង្គ្រាមអ៊ុយក្រែន ទទួលបានការគាំទ្រពីប្រទេសចំនួន ៤៥

កៀវ៖ បណ្តាប្រទេសជាង ៤០ បានយល់ព្រមធ្វើការរួមគ្នាដើម្បីស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមដែលសង្ស័យប្រព្រឹត្តដោយកងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែន ខណៈដែលការបាញ់ផ្លោងចុងក្រោយបំផុតលើតំបន់ជនស៊ីវិលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០នាក់នៅក្នុងទីក្រុង Vinnytsia ភាគកណ្តាលអ៊ុយក្រែន។

ការសន្យាក្នុងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីនាំកងកម្លាំងយោធារុស្ស៊ីទៅកាន់យុត្តិធម៌ បានកើតឡើងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅពេលដែលប្រទេសចំនួន ៤៥ បានចុះហត្ថលេខាលើសេចក្តីប្រកាសនយោបាយ ក្នុងអំឡុងសន្និសីទមួយនៅឯទីស្នាក់ការកណ្តាល នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅទីក្រុងឡាអេ។ ប្រទេសហត្ថលេខីរួមមានរដ្ឋសហភាពអឺរ៉ុប ក៏ដូចជាចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា ម៉ិកស៊ិក និងអូស្ត្រាលី។

ក្រុមនេះបានសន្យាថា នឹងផ្តល់ប្រាក់ចំនួន ២០លានអឺរ៉ូ ឬប្រមាណ២០លានដុល្លារ ដើម្បីជួយដល់ ICC និងជួយដល់ការិយាល័យអគ្គរដ្ឋអាជ្ញានៅប្រទេសអ៊ុយក្រែន ក៏ដូចជាការខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាម។

គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីអ៊ុយក្រែននោះ ជាមួយនឹងឧក្រិដ្ឋកម្មសង្រ្គាមប្រហែល ២៣,០០០ករណីកំពុងត្រូវបានស៊ើបអង្កេត ហើយបណ្តាប្រទេសផ្សេងៗគ្នាបាននិងកំពុងដឹកនាំក្រុមស៊ើបអង្កេតក្នុងប្រទេសអ៊ុយក្រែន ដើម្បីស្វែងរកភស្តុតាងចាំបាច់ ដែលត្រូវតែអាចជឿទុកចិត្តបាន៕ ប្រភព៖ Aljazeera ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner