លោក ហ្សេលេនស្គី ចោទរុស្ស៊ីជុំវិញការប្រព្រឹត្តអំពើភេរវកម្ម ខណៈដែលការវាយប្រហារដោយមីស៊ីលបានសម្លាប់មនុស្ស ២៣នាក់នៅអ៊ុយក្រែន
កៀវ៖ មីស៊ីលរបស់រុស្ស៊ីបានវាយប្រហារទីក្រុង Vinnytsia នៅភាគកណ្តាលប្រទេសអ៊ុយក្រែន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣នាក់ រួមទាំងកុមារ ៣នាក់ផងដែរ នៅក្នុងអ្វីដែលប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានហៅថា ជា “អំពើភេរវកម្មបើកចំហ”។
ការវាយប្រហារពេលថ្ងៃត្រង់នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះលើទីក្រុងមួយ ដែលមានចម្ងាយមួយរយគីឡូម៉ែត្រពីសមរភូមិជួរមុខ និងឆ្ងាយពីការឈ្លានពានរបស់ទាហានរុស្ស៊ី បានកើតឡើងនៅពេលដែលមន្ត្រីសហភាពអឺរ៉ុបបានកោះប្រជុំនៅទីក្រុងឡាអេ ដើម្បីពិភាក្សាអំពីឧក្រិដ្ឋកម្មសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ហើយជាមួយគ្នានេះ ក៏មានការថ្លែងសន្ទរកថាពីប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គីផងដែរ ។
ប្រភពបានឱ្យដឹងថា មានគ្រាប់រ៉ុក្កែតចំនួន ៨គ្រាប់ ដែលពីរគ្រាប់បានវាយប្រហារចំកណ្តាលទីក្រុង ហើយជាលទ្ធផលនោះមនុស្ស ២០នាក់បានស្លាប់ ក្នុងនោះមានកុមារ ៣នាក់ និងមានអ្នករបួសជាច្រើននាក់ទៀត។ ក្រោយមកក្រុមអ្នកជួយសង្គ្រោះបានធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់នៅក្នុងទីក្រុងនេះ កើនដល់ ២៣នាក់ ដោយនិយាយថា ការស្វែងរកមនុស្ស ៣៩នាក់ផ្សេងទៀតនៅតែបន្ត។
នាឱកាសនោះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូធឺរែស បាននិយាយថា លោករន្ធត់ចិត្ត ចំពោះការវាយប្រហារលើជនស៊ីវិលនៅក្នុងទីក្រុងខាងលើនេះ ខណៈដែលសហភាពអឺរ៉ុបបានថ្កោលទោសការវាយប្រហារដោយមីស៊ីលរុស្ស៊ីថា ជា “ភាពសាហាវឃោរឃៅ”។ មេដឹកនាំទាំងពីរក៏បានអំពាវនាវឱ្យមានការទទួលខុសត្រូវផងដែរ ៕ ប្រភព៖ Aljazeera ប្រែសម្រួល៖ ទីណា និងបុត្រា




