ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អនុញាតិឱ្យរដ្ឋមន្រ្តីការបរទេសបង់ក្លាដែស ចូលជួបសម្ដែងការគួរ និងពិភាក្សាការងារ នៅវិមានសន្តិភាព
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញាតិឱ្យឯកឧត្ដម បណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន (A.K. Abdul Momen) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស នឹងដឹកនាំគណៈប្រតិភូ ចូលជួបសម្ដែងការគួរ និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសដែលឯកឧត្ដម រដ្ឋមន្រ្តីការបរទេសបង់ក្លាដែស ដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៣ថ្ងៃ ។
សូមជម្រាបថា យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដមបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន (A.K. Abdul Momen) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២។
រដ្ឋមន្ត្រីការបរទេសទាំងពីរ នឹងពិភាក្សាលើទិដ្ឋភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម ។ នៅក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន នឹងអញ្ជើញធ្វើបាឋកថាក្នុងសិក្ខាសាលាដែលរៀបចំដោយវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានបន្តថា ទស្សនកិច្ចរបស់ឯកឧត្តម បណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន មកកាន់កម្ពុជា បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិទាំងពីរ ៕ ដោយ :វណ្ណលុក








