សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំពុះក្អែក
ភ្នំពេញ ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងលោកជំទាវថ្នាក់ដឹកនាំអបដំណើរ និងមន្ត្រីកាកបាទក្រហមកម្ពុជា បានអញ្ជើញនាំយកទៀនព្រះវស្សា បច្ច័យ ទេយ្យទាន សម្ភារ បរិក្ខាជាច្រើនមុខ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តមុនីសុវណ្ណ (ហៅចំពុះក្អែក) ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ។
ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥ កើត ខែអស្សុជ។ ពិធីត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃទី ១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់ បងប្អូន ចាស់ទុំ ចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងមានសម្តែងធម៌ទេសនា និងវេរទៀនវស្សា សម្ភារប្រគេនព្រះសង្ឃ។
ប្រជាពុទ្ធបរិស័ទខ្មែរ ដែលជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា នៅមុនឈានមកដល់នៃកាលបរិច្ឆេទចូលព្រះវស្សានេះ តែងបាននាំយកទៀនព្រះវស្សា និងទេយ្យទានផ្សេងៗទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ដែលមិនមានការនិមន្តបិណ្ឌបាត្រនេះ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាពុទ្ធសាសនិក ដែលមានជំនឿយ៉ាងមុតមាំចំពោះព្រះពុទ្ធសាសនា និងតែងតែនាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃនៅតាមទីអារាមនានាជារៀងរាល់ឆ្នាំ ពេលគង់ចាំព្រះវស្សារយៈពេល៣ខែនេះ។ ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទានត្រូវបានធ្វើឡើងតាមលំអានព្រះពុទ្ធសាសនាខ្មែរ។ ក្នុងឱកាសនោះក៏មានការសូត្រមន្តប្រោសព្រំប្រសិទ្ធពរជ័យជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកជំទាវថ្នាក់ដឹកនាំ ដែលបានអញ្ជើញចូលរួមផងដែរ៕ ដោយ / គ្រី សម្បត្តិ









