នាយករដ្ឋមន្ត្រីអ៊ីតាលីសុំលាលែងពីតំណែង

រ៉ូម៖ នាយករដ្ឋមន្ត្រីអ៊ីតាលីបានស្នើសុំលាលែងពីតំណែង ដោយលើកឡើងពីការបាត់បង់ឯកភាព ក្នុងរដ្ឋាភិបាលចម្រុះរបស់លោក ចំពេលមានវិបត្តិអ៊ុយក្រែន។ ប៉ុន្តែការលាលែងរបស់លោកត្រូវបានប្រធានាធិបតី ច្រានចោល។

នាយករដ្ឋមន្ត្រី Mario Draghi បានប្រកាសថា លោកនឹងចុះចេញពីតំណែង បន្ទាប់ពីការបោះឆ្នោតទុកចិត្តនៅក្នុងព្រឹទ្ធសភា កាលពីថ្ងៃព្រហស្បតិ៍។ គណបក្សចម្រុះដ៏សំខាន់ បានបរាជ័យក្នុងការគាំទ្រលោក ដោយរិះគន់ដំណោះស្រាយរបស់រដ្ឋាភិបាល ចំពោះការកើនឡើងតម្លៃថាមពល និងបញ្ហាផ្សេងៗទៀត។

លោក Draghi ដែលធ្លាប់ធ្វើជាប្រធានធនាគារកណ្តាលអឺរ៉ុបបាននិយាយថា សម្ព័ន្ធភាពរួបរួមជាតិដែលគាំទ្ររដ្ឋាភិបាលរបស់លោកលែងមានទៀតហើយ។ លោក Draghi បានជួបប្រធានាធិបតីអ៊ីតាលី Sergio Mattarella ដើម្បីប្រគល់ការលាលែងពីតំណែង ប៉ុន្តែប្រធានាធិបតីបានជំរុញឱ្យគាត់ត្រឡប់ទៅសភាវិញ ដើម្បីពិភាក្សាពីរបៀប រក្សាសម្ព័ន្ធភាព។

រដ្ឋាភិបាលចម្រុះរួបរួមដ៏ទូលំទូលាយត្រូវបានបង្កើតឡើងដោយមានការគាំទ្រពីស្ទើរតែទាំងអស់នៃភាគីសំខាន់ៗរបស់ប្រទេសអ៊ីតាលី កាលពីខែកុម្ភៈ ឆ្នាំ២០២១ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់នៃជំងឺរាតត្បាត។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថា ប្រសិនបើរដ្ឋាភិបាលរួបរួមរលំ ការបោះឆ្នោតសកលអាចនឹងត្រូវធ្វើឡើងនៅដើមឆ្នាំក្រោយនេះ ជំនួសឲ្យកាលបរិច្ឆេតធ្លាប់គ្រោងទុកថា នៅឆមាសទីមួយ នៃឆ្នាំ២០២៣ ៕ ប្រភពពី NHK ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner